កង្វក់បរិយាកាសនៅក្នុងរដ្ឋធានីញូវ ដែល្លីរបស់ប្រទេសឥណ្ឌា ស្ថិតក្នុងកម្រិតគ្មានសុខភាពខ្លាំងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យហិណ្ឌូ Diwali ។
កង្វក់បរិយាកាស បានឡើងដល់កម្រិតកំពូល អំឡុងថ្ងៃប្រារព្ធពិធីបុណ្យ Diwali ដែលជាពិធីបុណ្យអគ្គីរបស់សាសនាហិណ្ឌូ ។
កង្វក់បរិយាកាសខ្ពស់ គឺជាចំណុចឈឺប្រចាំឆ្នាំសម្រាប់ទីក្រុងដែល្លី ពេលដែលមនុស្សជាច្រើន ប្រឈមហានិភ័យ ដោយសារតែកំហាប់ខ្ពស់នៃភាគល្អិតតូចៗរបស់ខ្យល់ ជាពិសេសអំឡុងតែតុលា និងខែវិច្ឆិកា ។
ដោយឡែក អ្នកស្រុករស់នៅក្នុងទីក្រុងម៉ុមបៃ បានត្អូញត្អែផងដែរពីគុណភាពខ្យល់អន់ ហើយនិងបង្ហាញការព្រួយបារម្ភថា បញ្ហារបស់ពួកគេនឹងកាន់តែអាក្រក់ទៅក្រោយពិធីបុណ្យ Diwali ។
មនុស្សមានបញ្ហាផ្លូវដង្ហើមដូចជាជំងឺហឺត ទារក មនុស្សចាស់ និងអ្នកដែលមានជំងឺអាឡែស៊ីនឹងកង្វក់បរិយាកាសផ្ទាល់ រងគ្រោះពីការកើនឡើងនៃកម្រិតកង្វក់បរិយាកាស ។
លោក Kunal Bhaskar គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងញូវដែល្លី និយាយថា មនុស្សនឹងដុតផាវនៅថ្ងៃនេះ ហើយរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ វានឹងក្លាយជាបញ្ហាសម្រាប់ខ្ញុំ ហើយនិងគ្រួសាររបស់ខ្ញុំ ។
លោកបន្តថា ពួកយើងមិនអាចឲ្យក្មេងៗចេញក្រៅបានទេ មាននូវកង្វក់បរិយាកាសនៅតាមសាលារៀន កង្វក់បរិយាកាស នឹងរីករាលដាល ប្រព័ន្ធភាពស៊ាំរបស់ក្មេងៗ នឹងចុះខ្សោយ ដោយសារកង្វក់បរិយាកាសទាំងអស់នេះ ៕