សៀមរាប ៖ ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរទទួលការបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ កាលពីថ្ងៃទី១៤ ខែតុលា ម្សិលមិញនេះ។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់បង្កើនសមត្ថភាពផ្ទៃក្នុង ក្នុងរង្វង់ស្ថាប័នអាជ្ញាធរជាតិអប្សរាដោយផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកចេះដឹងច្រើនទៅអ្នកចេះតិច។ពិសេសភ្នាក់ងារទេសចរណ៍ដែលធ្វើការងារផ្ទាល់នឹងប្រាសាទ។
លោកបញ្ជាក់ថា ការសិក្សាបានបង្ហាញពីចំណេះដឹងទូទៅ អំពីថ្ម ប្រវត្តិថ្ម ភាពសឹករេចរិលនៃថ្ម ប្រាង្គប្រាសាទ ការវិវត្តនៃសំណង់ស្ថាបត្យកម្ម រចនាសម្ព័ន្ធ និងស្គាល់ច្បាស់ពីទីតាំងហានិភ័យជាដើម។
លោក អ៊ឹម សុខរិទ្ធី បន្ថែមថា ចំណេះដឹងជាមូលដ្ឋាន គឺត្រូវចេះសង្កេតគ្រប់ទីកន្លែងដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ ដើម្បីបញ្ចៀសនូវហានិភ័យបានទាន់ពេលវេលា។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅបណ្ណាល័យខាងជើងថែវរួតព្រះពាន់ នៃប្រាសាទអង្គរវត្ត ក្នុងគោលបំណង ពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ដែលប្រចាំការផ្ទាល់តាមប្រាសាទជាទុនបន្ថែម ដើម្បីឱ្យភ្នាក់ងារទាំងអស់បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទរួមចំណែកក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយអ្នកជំនាញស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា៕
អត្ថបទ ៖ សាវី





