ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ (ទី៣០ ខែតុលា) បានច្រានចោលរបាយការណ៍ដែលថា ទាហានកូរ៉េខាងជើង មានវត្តមាននៅសមរភូមិជួរមុខរបស់ខ្លួន ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដោយហៅការលើកឡើងនោះថា «គ្រាន់តែជាការអះអាងព្រាវៗប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោក Vassily Nebenzia បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ្រ៍ ជុំវិញ «ព័ត៌មានមិនពិត» ហើយបានអះអាងថា ទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយប្រទេសកូរ៉េខាងជើង បានអនុវត្តតាមច្បាប់អន្តរជាតិ។
លោកបានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖ «ករណីទាំងនេះ មានរឿងតែមួយទេ គឺថា ទាំងនេះគ្រាន់តែជាការអះអាងព្រាវៗប៉ុណ្ណោះ ហើយប្រសិនបើគ្មានភស្តុតាងដែលគួរឲ្យជឿជាក់នោះ ពួកគេមានគោលបំណងត្រឹមតែផ្លាស់ប្តូរការផ្តោតអារម្មណ៍ចេញពីបញ្ហាពិត ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»
លោក Nebenzia បាននិយាយបន្ទាប់ពីសហរដ្ឋអាមេរិក បានអះអាងថា ទាហានកូរ៉េខាងជើងរហូតដល់ ១០.000នាក់ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ដែលបានលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាសកម្មភាពដែលអាចកើតមានប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។
កាលពីថ្ងៃទី ២៩ ខែតុលា មន្ទីរបញ្ចកោណ បាននិយាយថា ខ្លួនមានភស្តុតាងចង្អុលបង្ហាញថា «ចំនួនតិចតួច» នៃកងទ័ពកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៊ី នៅតាមព្រំដែនជាមួយអ៊ុយក្រែន។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានពង្រឹងសម្ព័ន្ធភាពនយោបាយ និងយោធារបស់ពួកគេឲ្យកាន់តែមានភាពស៊ីជម្រៅ នៅពេលដែលសង្រ្គាមអ៊ុយក្រែនបានអូសបន្លាយ ប៉ុន្តែការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាងទៅប្រយុទ្ធនឹងកងកម្លាំងរបស់ទីក្រុងគីវ នឹងបង្ហាញពីការកើនឡើងនូវភាពតានតឹងដ៏គួរឲ្យកត់សម្គាល់ ដែលបង្កឲ្យមានការព្រួយបារម្ភជាអន្តរជាតិ៕