នៅថ្ងៃព្រហស្បតិ៍នេះ ចិននិយាយថា ពួកគេកំពុងតាមដានយ៉ាងដិតដល់ការអភិវឌ្ឍ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBMនៅថ្ងៃតែមួយនេះ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសន្និសីទសារព័ត៌មាននាទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយថា ការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉ គឺជាអាទិភាពរបស់ចិន ។
លោក Jian និយាយថា ភាគីចិនបានកត់សេចក្តីរាយការណ៍ពាក់ព័ន្ធ ។ ក្នុងនាមជាប្រទេសជិតខាងឧបទ្វីបកូរ៉េ ចិនតែងតែព្រួយបារម្ភពីការអភិវឌ្ឍស្ថានភាពនៅឧបទ្វីប ។
លោកបន្តថា ចិនមានជំនឿថា ការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងការលើកកម្ពស់ដំណើរការដោះស្រាយផ្នែកនយោបាយលើបញ្ហាឧបទ្វីប គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងអស់ ហើយចិនសង្ឃឹមថា ភាគីទាំងអស់ នឹងប្រឹងប្រែងដោះស្រាយបញ្ហាមួយនេះ ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលដែលបង្កើតកំណត់ត្រាលើសការបាញ់សាកល្បងមុនៗ ។
KCNA រាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និយាយនៅកន្លែងបាញ់សាកល្បងថា ចំណាត់ការដ៏គ្រោះថ្នាក់របស់សត្រូវកូរ៉េខាងជើង បានបញ្ជាក់ពីតម្រូវការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ពួកគេ ។ លោកថា កូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរគោលជំហររបស់ខ្លួននោះឡើយក្នុងការពង្រឹងកាំភ្លើងធំនុយក្លេអ៊ែររបស់ពួកគេ ។
ការបាញ់សាកល្បងនេះដែរ កើតឡើងចំពេលមានការថ្កោលទោសជាអន្តរជាតិ ក្រោយសហរដ្ឋអាមេរិកនិយាយពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងចំនួន ១១.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ក្នុងនោះ ទាហានកូរ៉េខាងជើង ៣ពាន់នាក់ មានវត្តមាននៅជិតព្រំដែនខាងលិចជាមួយអ៊ុយក្រែន។
ការបាញ់សាកល្បងមីស៊ីលនេះ នាំឲ្យមានការថ្កោលទោសភ្លាមៗពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ៕