ឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ (ទី៣០ ខែតុលា) បានអំពាវនាវឲ្យមានការលាលែងពីតំណែងនៃអ្នកជំនាញឯករាជ្យរបស់ UN លោកស្រី Francesca Albanase ដែលបានបរិហារថា «ប្រជាជនប៉ាឡេស្ទីនត្រូវបានលុបបំបាត់» ចេញពីដែនដីរបស់ពួកគេ ដោយសារ «អំពើប្រល័យពូជសាសន៍»។
លោក Danny Danon បានបង្ហោះនៅលើបណ្ដាញសង្គម X (ពីមុន Twitter) អំពាវនាវឲ្យអ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន ចុះចេញពីតំណែងជាបន្ទាន់។
លោកបានធ្វើការអំពាវនាវបែបនេះ បន្ទាប់ពីលោកស្រី Albanese បានប្រាប់គណៈកម្មាធិការ នៅឯមហាសន្និបាត UN ថា ការវិវត្តន៍ក្នុងប៉ុន្មានខែថ្មីៗនេះ «កាន់តែជួយគាំទ្រយ៉ាងរឹងមាំដល់ការវាយតម្លៃរបស់ខ្ញុំ ដែលថា អ៊ីស្រាអែលកំពុងធ្វើយុទ្ធនាការប្រល័យពូជសាសន៍ ចំពោះប្រជាជនប៉ាឡេស្ទីន»។
តាមរយៈបណ្ដាញសង្គមនោះ លោក Danon បានសរសេរថា៖ «ជាថ្មីម្តងទៀត អង្គការសហប្រជាជាតិបានក្រាលកម្រាលព្រំក្រហមស្វាគមន៍បុគ្គលម្នាក់ ក្នុងចំណោមឥស្សរជនប្រឆាំងជនជាតិជ្វីហ្វ ក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ ដោយផ្តល់ឲ្យលោកស្រីនូវវេទិកាមួយ ដើម្បីផ្សព្វផ្សាយនូវការឃោសនា និងការភូតកុហកដោយគ្មានមូលដ្ឋាន»។
ដោយសំដៅទៅលោកស្រី Albanese ផ្ទាល់តែម្ដង លោកបានបន្ថែមថា៖ «វត្តមានរបស់អ្នកនៅអង្គការសហប្រជាជាតិ គឺជាភាពអាម៉ាស់ ពោលគឺជាការក្បត់គ្រប់ស្តង់ដារសីលធម៌ទាំងឡាយ។ សូមលាលែងពីតំណែងភ្លាមៗទៅ។ សូមលះបង់តួនាទីរបស់អ្នក ហើយទៅចូលរួមជាមួយមិត្តរបស់អ្នក នៅក្នុងក្រុមហាម៉ាស និងហេសបូឡា ជាជាងការបំពេញការងារនៅទីនេះ»៕