នគរបាលអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានចាប់ខ្លួនប្តីប្រពន្ធជនជាតិអ៊ីស្រាអែលមួយគូ ដោយសង្ស័យថា បានធ្វើចារកម្មឲ្យអ៊ីរ៉ង់ ដោយមានរយៈពេលត្រឹមតែមួយសប្តាហ៍បន្ទាប់ពីក្រុមចំនួន២ ដែលត្រូវបានចោទប្រកាន់ថា ធ្វើការឲ្យទីក្រុងតេអេរ៉ង់ ត្រូវបានចាប់ឃុំខ្លួន។
សេចក្តីថ្លែងការណ៍របស់នគរបាល និងទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់អ៊ីស្រាអែល Shin Bet បានឲ្យដឹងថា «ការរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការជួលជនជាតិអ៊ីស្រាអែល បន្តប្រព្រឹត្តទៅ»។
សេចក្តីថ្លែងការណ៍នោះបានចោទប្រកាន់ថា ជនជាតិអ៊ីស្រាអែល ២នាក់ប្តីប្រពន្ធ មកពីភាគកណ្តាលទីក្រុង Lod បានជាប់ទាក់ទងទៅនឹងក្នុងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ ពាក់ព័ន្ធនឹង «ហេដ្ឋារចនាសម្ព័ន្ធជាតិ ទីតាំងសន្តិសុខ និងតាមដានសាស្ត្រាចារ្យជាស្ត្រីម្នាក់»។
នគរបាលបានចោទប្រកាន់ថា ប្ដីប្រពន្ធគូនេះត្រូវបានជួយឲ្យធ្វើការងារនេះដោយលោក Elshan Agayev ហៅ Elhan ជាជនជាតិអាស៊ែបៃហ្សង់ ដែលដើរតួនាទីក្នុងនាមជាមន្ត្រីអ៊ីរ៉ង់។ គេនៅមិនច្បាស់ទេថា តើលោក Agayev មានមូលដ្ឋាននៅអ៊ីស្រាអែល ឬយ៉ាងណា។
គួរបញ្ជាក់ថា បច្ចុប្បន្ន អ៊ីស្រាអែលកំពុងជាប់ក្នុងជម្លោះជាច្រើនសមរភូមិជាមួយក្រុមគាំទ្រដោយអ៊ីរ៉ង់ រួមមានក្រុមហេសបូឡានៅប្រទេសលីបង់ ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមឧទ្ទាមហ៊ួទី នៅប្រទេសយេម៉ែន៕

