ក្រុមអ្នកស្រុករស់នៅក្នុងទីក្រុង Utiel បានចាប់ផ្តើមប្រតិបត្តិការបោសសម្អាតរបស់ពួកគេ សម្រាប់ថ្ងៃទី ២ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកជំនន់ដ៏គំហក់សម្លាប់មនុស្សយ៉ាងហោច ៩៥នាក់នៅតំបន់ Valencia របស់ប្រទេសអេស្ប៉ាញ ។
ទឹកជំនន់គំហក់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បានវាយប្រហារតំបន់ភាគខាងកើតប្រទេសអេស្ប៉ាញ ក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារ ។
ខណៈពេលនោះដែរ អង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ បានសង្រ្គោះស្រ្តីវ័យចំណាស់ម្នាក់ដែលបានជាប់ក្នុងទឹកជំនន់នៅតំបន់ Valencia ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ អេស្ប៉ាញ បានចេញការព្រមានពីព្យុះមួយទៀត នៅតំបន់ Valencia ដែលបានរងផលប៉ះពាល់រួចទៅហើយដោយសារទឹកជំនន់ ស្របពេលដែលក្រុមជួយសង្រ្គោះ បន្តការងាររបស់ពួកគេ ដើម្បីស្វែងរកអ្នកបាត់ខ្លួនតាមវាលជន់លិច និងរថយន្តជាប់ក្នុងទឹកជំនន់ ។
ចំនួនមនុស្សស្លាប់សរុប រួមទាំងមនុស្ស ៣នាក់ នៅតំបន់ផ្សេងទៀត ទំនងជាគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតនៅអឺរ៉ុប ចាប់តាំងពីឆ្នាំ ២០២១ ពេលដែលមនុស្សយ៉ាងហោច ១៨៥នាក់ បានស្លាប់នៅប្រទេសអាល្លឺម៉ង់ ។
ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ហេតុការណ៍អាកាសធាតុអាក្រក់បែបនេះ កើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ ៕


