នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Mustafa បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរប៉ាឡេ ស្ទីនគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើម ក្នុងគោលបំណងសម្រេចបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់ លោក។
លោក Mustafa បាននិយាយក្នុងអំឡុងកិច្ចប្រជុំរបស់ខ្លួន ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសលុចសំបួ លោក Xavier Bettel នៅទីក្រុងរ៉ាម៉ាឡា ភាគកណ្តាលតំបន់វេសបែងថា៖ «ជំហានទាំងនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ដំណើរការនយោបាយ ដែលមានបំណងបញ្ចប់ការកាន់កាប់ និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ»។
លោក Mustafa បានអំពាវនាវឲ្យសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន ដាក់ទណ្ឌកម្មលើអ៊ីស្រាអែល តម្រូវឲ្យប្រទេសនេះ គោរពច្បាប់អន្តរជាតិ និងដាក់សម្ពាធបន្ថែមទៀត ដើម្បីបញ្ឈប់រាល់ការកាត់កងរបស់អ៊ីស្រាអែលពីចំណូលពន្ធប៉ាឡេស្ទីន និងបញ្ចេញមូលនិធិដែលបានរក្សាទុកទាំងអស់។
សម្រាប់ផ្នែករបស់លោក លោក Bettel បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសលោក ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់អរិភាព ដោះលែងអ្នកទោស និងអ្នកជាប់ឃុំ បញ្ចប់ការឈឺចាប់មនុស្សធម៌ នៅហ្កាហ្សា និងធ្វើឲ្យស្ថានការណ៍នេះធូរស្រាល នៅទូទាំងតំបន់។

