ចំណីអាហារ ក្លាយជាកាកសំណល់ ហើយហាងនឹងអស់គ្រឿងផ្គត់ផ្គង់នៅក្នុងប្រទេសបូលីវី ស្របពេលដែលការបិទផ្លូវដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីលោក Evo Morales បានអូសបន្លាយពេលនៅក្នុងប្រទេសមួយនេះ ។
ការបិទផ្លូវនៅថ្ងៃទី ១៧របស់ពួកគេ តាមតំបន់មួយចំនួនក្នុងទីក្រុង Cochabamba ផលិតករ និងម្ចាស់ហាង រាយការណ៍ពីការកង្វះខាតគ្រឿងផ្គត់ផ្គង់ ។ កង្វះខាតនេះ បានធ្វើឲ្យតម្លៃទំនិញមួយចំនួនឡើងថ្លៃផងដែរ ដូចជាមាន់ជាដើម ។
ប្រធានាធិបតីបូលីវីលោក Luis Arce និយាយកាលពីថ្ងៃពុធថា ការបិទផ្លូវហាយវ៉េនៅទូទាំងប្រទេស បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ១,៧ពាន់លានដុល្លារ ។
យោងតាមការអះអាងរបស់លោក Arce បានឲ្យដឹងថា មនុស្ស ៧០នាក់ រួមទាំងមន្រ្តីនគរបាល ៦១នាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា ។
លោក Javier Ortiz គឺជាអ្នកតំណាងផ្សារខាងត្បូង ស្ថិតក្នុងទីក្រុង Cochabamba និយាយថា នេះដោយសារតែការបិទផ្លូវ និងស្ថានភាពនយោបាយអាក្រក់ ពេលដែលលោក Evo Morales ចង់ឡើងកាន់អំណាច ហើយលោកប្រធានាធិបតី Arce មិនចង់ចាកចេញពីអំណាច ។
លោកបន្តថា ដោយសារតែស្ថានការចលាចលបែបនេះហើយ ទើបនាំឲ្យពួកយើងបោះចោលផ្លែប៉េងប៉ោះទាំងអស់នេះ។ មើលចុះ ប៉េងប៉ោះរលួយខូចអស់ហើយ ដោយសារតែវាមកដល់យឺតរយៈពេល ៦ថ្ងៃ ៕



