រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នាថ្ងៃព្រហស្បតិ៍ (ទី៣១ ខែតុលា) បាននិយាយថា សន្ធិសញ្ញានាពេលខាងមុខ រវាងប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ នឹងរួមបញ្ចូលកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែជិតស្និទ្ធ។
ប្រទេសទាំង២ និយាយថា ពួកគេជិតចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហើយ។ កាលពីខែកញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្តេជ្ញាចិត្តឲ្យប្រទេសរបស់លោកមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច។
លោក Lavrov បានប្រាប់ថា កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ីរ៉ង់ នាពេលខាងមុខ ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នឹងក្លាយជាកត្តាកំណត់ដ៏សំខាន់បំផុត ក្នុងការពង្រឹងទំនាក់ទំនង រវាងរុស្ស៊ី និងអ៊ីរ៉ង់។
លោកបានបន្ថែមថា៖ «ដូចដែលខ្ញុំបាននិយាយ កិច្ចព្រមព្រៀងកំពុងត្រូវបានរៀបចំ ដើម្បីចុះហត្ថលេខានៅក្នុងពេលអនាគតដ៏ខ្លីបំផុត។ កិច្ចព្រមព្រៀងនេះនឹងសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់ប្រទេសទាំង២ ដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែជិតស្និទ្ធ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕

