អ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារតាមច្រកអាកាសយ៉ាងសន្ធាប់លើទីក្រុងប្រវត្តិសាស្រ្ត Baalbek ស្ថិតក្នុងប្រទេសលីបង់កាលពីថ្ងៃពុធ ស្របពេលដែលក្រុមសម្របសម្រួលសហរដ្ឋអាមេរិក កំពុងធ្វើការលើសំណើរឲ្យបញ្ឈប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ។
យោងតាមប្រភពព័ត៌មានចំនួន ២ដែលទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា វានឹងចាប់ផ្តើមជាមួយបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ។
ប្រភពដដែល បានទម្លាយឲ្យដឹងដែរថា បទឈប់បាញ់រយៈពេល ២ខែ នឹងត្រូវប្រើប្រាស់ដើម្បីបញ្ចប់ការអនុវត្តទាំងស្រុងសេចក្តីសម្រេចលេខ ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ។
សេចក្តីសម្រេចនេះ ត្រូវបានអនុម័តឡើង ដើម្បីព្យាយាមបញ្ចប់សង្រ្គាមឆ្នាំ ២០០៦ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា និងធ្វើឲ្យតំបន់ភាគខាងត្បូងលីបង់គ្មានអាវុធ ឬកងកម្លាំង ក្រៅពីការគ្រប់គ្រងរបស់រដ្ឋាភិបាលលីបង់ ។
ទោះបីជាយ៉ាងណាក៏ដោយ វាពុំត្រូវបានអនុវត្តយ៉ាងពេញលេញនោះទេ ហើយនិងបង្កឲ្យមានជម្លោះជាមួយក្រុមហេសបូឡា ពេលដែលក្រុមមួយនេះ នៅតែបន្តគ្រប់គ្រងតំបន់ភាគខាងត្បូងលីបង់ ។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានធ្វើសេចក្តីអត្ថាធិប្បាយលើការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលថា ពួកយើងគាំទ្រសិទ្ធិវាយប្រហារស្របច្បាប់លើគោលដៅរបស់ក្រុមហេសបូឡា ប៉ុន្តែការធ្វើបែបនេះ វាសំខាន់ខ្លាំងណាស់កាលដែលពួកគេធ្វើតាមវិធីដែលមិនគំរាមកំហែងដល់អាយុជីវិតជនស៊ីវិល ។
លោកបន្តថា ពួកយើងបានបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធនាការដែលពួកគេកំពុងធ្វើនៅប្រទេសលីបង់ មិនគួរ មិនអាច មិនត្រូវដូចជាយុទ្ធនាការដែលពួកគេធ្វើនៅតំបន់ហ្កាហ្សានោះឡើយ ។ ពួកយើងពិតជាចង់មើលឃើញបទឈប់បាញ់ ពួកយើងចង់មើលឃើញដំណោះស្រាយការទូតដែលនឹងអនុញ្ញាតឲ្យជនស៊ីវិលភាគីទាំង ២ ទាំងពលរដ្ឋលីបង់ ទាំងពលរដ្ឋអ៊ីស្រាអែល អាចវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាន ៕


