បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបរយៈចម្ងាយឆ្ងាយ ICBM របស់កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋមួយចំនួននៅកូរ៉េខាងត្បូង បានបង្ហាញការព្រួយបារម្ភ ខណៈដែលពលរដ្ឋខ្លះទៀត បង្ហាញអារម្មណ៍មិនព្រួយបារម្ភ ស្របពេលមានការព្រមានពីទីក្រុងសេអ៊ូលថា ទីក្រុងព្យុងយ៉ាង អាចទទួលបានបច្ចេកវិទ្យាមីស៊ីលពីរុស្ស៊ី សម្រាប់ការជួយធ្វើសង្រ្គាមនៅអ៊ុយក្រែន ។
លោក Hwang Suk-hyun វ័យ ៦០ឆ្នាំ និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកមានអារម្មណ៍ថាភិតភ័យ និងព្រួយបារម្ភច្រើនចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ពេលដែលវាមានសមត្ថភាពបាញ់ទៅដល់សហរដ្ឋអាមេរិក ។
ខណៈពេលនោះដែរ អ្នកនាង Lim Seo-ryn វ័យ ២៣ឆ្នាំ ដែលជាពលរដ្ឋមួយរូបទៀតនៅកូរ៉េខាងត្បូង និយាយថា នាងគ្មានអារម្មណ៍គំរាមកំហែងនោះឡើយ ក្នុងនាមជាពលរដ្ឋកូរ៉េខាងត្បូង ប៉ុន្តែនាងបន្តថា ការបាញ់នេះ អាចត្រូវបានគេមើលឃើញជាការគំរាមកំហែងសន្តិសុខអន្តរជាតិ ស្របពេលមានជម្លោះនៅប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរជាតិទ្វីប ICBM ដែលពួកគេចាត់ទុកថា ជាអាវុធយុទ្ធសាស្រ្តដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោក ។
ការដំឡើងសាច់ដុំនេះដែរ បានកើតមានឡើង ស្របពេលមានការថ្កោលទោសអន្តរជាតិ និងការប្រកាសអាសន្នចំពោះអ្វីដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត និយាយពីការបញ្ជូនទាហានកូរ៉េខាងជើង ១១.០០០នាក់ ទៅកាន់រុស្ស៊ី ក្នុងនោះទាហាន ៣ពាន់នាក់ បានទៅជិតខ្សែត្រៀមមុខភាគខាងលិចរុស្ស៊ី ជាមួយអ៊ុយក្រែន ៕



