នៅថ្ងៃព្រហស្បតិ៍នេះ អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ពួកគេលើតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ។
កាលពីថ្ងៃពុធម្សិលមិញ នាយករដ្ឋមន្រ្តីលីបង់លោក Najib Mikati សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល នឹងត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ស្របពេលដែលទូរទស្សន៍រដ្ឋអ៊ីស្រាអែល បានចុះផ្សាយអ្វីដែលពួកគេនិយាយថា គឺជាពង្រាងកិច្ចព្រមព្រៀងផ្តល់ជូនសម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ ។
គួរឲ្យដឹងថា អ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ បានធ្វើសង្រ្គាមជាមួយគ្នាអស់រយៈពេលជាង ១ឆ្នាំមកហើយ ស្របពេលដែលមានសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ក្រោយក្រុមហេសបូឡា វាយប្រហារលើគោលដៅរបស់អ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តហាម៉ាស់នៅតំបន់ហ្កាហ្សា ។
ជម្លោះនៅលីបង់ បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥សប្តាហ៍ចុងក្រោយនេះ ក្នុងនោះមនុស្ស ២.៨០០នាក់ ត្រូវបានសម្លាប់ និងពលរដ្ឋលីបង់ ១,២លាននាក់ផ្សេងទៀត បានជម្លៀសខ្លួន ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហេសបូឡា ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេ ជុំវិញសំណើបែកធ្លាយពីបទឈប់បាញ់មួយនេះ ៕


