សភាអ៊ឺរ៉ុបបានបង្ហូតទម្លាក់ទង់ជាតិអេស្ប៉ាញ និងសហភាពអឺរ៉ុប (EU) ត្រឹមពាក់កណ្ដាលដង នៅពីមុខស្ថាប័នរបស់ខ្លួន ទាំងនៅទីក្រុង Strasbourg (បារាំង) និងទីក្រុងប៊្រុចសែល (បែលហ្ស៊ិក) នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែតុលា) បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់ បានកើតមាននៅភាគខាងកើតប្រទេសអេស្ប៉ាញ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៩៥នាក់។
អាជ្ញាធរមូលដ្ឋានមិនបានបង្ហាញពីចំនួនមនុស្សប៉ុន្មាននាក់ ដែលមិនទាន់រាប់បញ្ចូលនៅឡើយទេ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតលើកដំបូងរបស់ប្រទេសអឺរ៉ុបមួយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ លោកស្រី Margarita Robles បាននិយាយកាលពីល្ងាចថ្ងៃពុធ (ទី៣០ ខែតុលា) ថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងទៀត។
គួរបញ្ជាក់ថា ក្រុមអ្នកឧតុនិយម បាននិយាយថា កម្រិតទឹកភ្លៀងស្មើនឹងរយៈពេលពេញមួយឆ្នាំ បានធ្លាក់ ៨ម៉ោងនៅក្នុងតំបន់នានានៃទីក្រុង Valencia កាលពីថ្ងៃអង្គារ (ទី២៩ ខែតុលា) ដែលបណ្តាលឲ្យមានទឹកយ៉ាងល្ហាចល្ហឹមលើផ្លូវហាយវេ និងជន់លិចដីស្រែចម្ការ នៅក្នុងតំបន់ដែលបង្កើតផលប្រហែល ២ភាគ៣ នៃផ្លែក្រូចដែលដាំដុះនៅអេស្ប៉ាញ ជាប្រទេសនាំចេញផ្លែក្រូចឈានមុខគេលើពិភពលោក។
នេះជាគ្រោះមហន្តរាយដែលទាក់ទងនឹងទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងប្រទេសអេស្ប៉ាញ គិតចាប់តាំងពីឆ្នាំ១៩៩៦ ដែលនាពេលនោះមនុស្សចំនួន ៨៧នាក់ បានបាត់បង់ជីវិត នៅជិតទីក្រុងតំបន់ភ្នំ Pyrenees៕