នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រើប្រាស់គ្រៀងចក្រ ដើម្បីអូស ឬស្ទួចរថយន្តគរលើគ្នា ដែលត្រូវហូរយកទៅដោយទឹកជំនន់ស្លាប់មនុស្សនៅតំបន់ Valencia របស់ប្រទេសអេស្ប៉ាញ ។
នៅក្នុងកិច្ចខិតខំដើម្បីស្តាឡើងវិញការធ្វើចរាចរណ៍នៅលើដងផ្លូវក្នុងតំបន់ដែលបិទដោយសាររថយន្តគរលើគ្នា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ដើម្បីស្ទួច និងអូសរថយន្តរងខូចខាតនៅទីក្រុង Catarroja ។
មនុស្សយ៉ាងហោច ៩៥នាក់ ត្រូវបានសម្លាប់ក្នុងទឹកជំនន់ស្លាប់មនុស្សច្រើនបំផុតរបស់អេស្ប៉ាញ ក្នុងប្រវត្តិសាស្រ្តនាសម័យទំនើបរបស់ពួកគេ ក្រោយភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យតំបន់ភាគខាងកើតប្រទេសមួយនេះ ធ្លាក់ក្នុងភាពវឹកវរ ។
ទឹកជំនន់នៅតំបន់ Valencia បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធតំបន់ស្ទើទាំងស្រុង ហូរផ្តាច់ស្ពាន ផ្តាច់ផ្លូវថ្នល់ ផ្លូវរថភ្លើង និងអគារ ស្របពេលដែលទឹកទន្លេហូរប្រៀបច្រាំង ។
ក្រុមអាជ្ញាធរក្នុងស្រុក នៅមិនទាន់បញ្ចេញពីចំនួនមនុស្សបាត់ខ្លួននោះទេ ក្រោយទឹកជំនន់ស្លាប់មនុស្សច្រើនបំផុតនៅអឺរ៉ុប ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
ក្រុមអ្នកស្រុក បានរៀបរាប់ថា ពួកគេបានមើលឃើញមនុស្សជាប់នៅលើដំបូលរថយន្ត ពេលដែលចរន្តទឹកហូរកាត់ផ្លូវកាលពីថ្ងៃអង្គារ និងហូររំលើងដើមឈើ ៕