ព្រះវិហារ ៖ ក្រសួងកិច្ចការនារី បានបណ្ដុះបណ្ដាលផ្នែកចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍសហគ្រិនភាពស្ដ្រី ប្រមាណ៥០នាក់ ដែលភាគច្រើនជាស្ដ្រី មកពីតាមមន្ទីរនានា ក្នុងខេត្ដព្រះវិហារ ដើម្បីអភិវឌ្ឍន៍សមត្ថភាពជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងជាបន្តទៀត។
ពិធីនេះ ធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្ដព្រះវិហារ ដោយរួមសហការជាមួយធនាគារជាតិកម្ពុជា និងក្រុមហ៊ុនវីសាផងដែរ។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងដល់មន្ត្រីបុគ្គលិកនៃមន្ទីរ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីអំពីការគ្រប់គ្រងហិរញ្ញវត្ថុការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ ដើម្បីយកទៅផ្សព្វផ្សាយបន្ត សម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម និងធុរកិច្ចរបស់ស្ត្រីនៅតាមមូលដ្ឋាននៃប្រទេសកម្ពុជា។
លោកជំទាវ បានបន្តទៀតថា វគ្គបណ្ដុះបណ្ដាលនេះ មានការរួមបញ្ចូល នៅប្រធានបទសំខាន់ៗចំនួន៦ ដែលទាក់ទងទៅ និងបញ្ហាជុំវិញចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់ស្ត្រីមានជាអាទិ៍ បរិបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបញ្ហាប្រឈមរបស់ស្ត្រី ក្នុងការទទួលបានសេវាហិរញ្ញវត្ថុប្រភេទ ផលិតផល សេវា និងគ្រឹះស្ថាន នៃធនាគារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ សេវាទូទាត់ សេវាធានារ៉ាប់រង និងកិច្ចការពារអតិថិជន។ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ។
លោកជំទាវ ចឹក ហេង អភិបាលរងខេត្ដព្រះវិហារ បានថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន វីសា ដែលបានចុះមកបើកវគ្គបណ្ដុះបណ្ដាលស្ដីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្ត្រីនៅក្នុងខេត្តព្រះវិហារ ។
លោកជំទាវក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ និងចាប់យកចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងជាបន្តទៀត៕
ដោយ ៖ សាវី







