សារព័ត៌មាន អាស៊ីអូស (Axios) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) ដោយដកស្រង់ប្រភពពីររបស់អ៊ីស្រាអែលថា អ៊ីរ៉ង់ កំពុងរៀបចំវាយប្រហារអ៊ីស្រាអែល ពីទឹកដីអ៊ីរ៉ាក់ នៅប៉ុន្មានថ្ងៃខាងមុខ ដែលប្រហែលជាមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា។

របាយការណ៍ Axios បន្តថា ការវាយប្រហារនេះត្រូវគេរំពឹងថានឹងធ្វើឡើងពីប្រទេសអ៊ីរ៉ាក់ ដោយប្រើយានដ្រូន និងមីស៊ីលបាលិស្ទិកមួយចំនួនធំ។ របាយការណ៍ សង្កត់ធ្ងន់ថា ផែនការវាយប្រហារតាមរយៈកងជីវពលគាំទ្រអ៊ីរ៉ង់ នៅអ៊ីរ៉ាក់នេះ អាចជាការប៉ុនប៉ងរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចៀសការវាយសងសឹកមួយទៀតរបស់អ៊ីស្រាអែល ប្រឆាំងនឹងគោលដៅយុទ្ធសាស្ត្រនៅក្នុងទឹកដីរបស់ខ្លួន។

អ៊ីស្រាអែល និងអ៊ីរ៉ង់ បានចូលរួមនៅក្នុងការវាយប្រហារយោធាជាបន្តបន្ទាប់ ក្នុងផ្នែកមួយនៃសង្គ្រាមមជ្ឈិមបូព៌ាដ៏ទូលំទូលាយ ដែលកើតឡើងបន្ទាប់ពីការប្រយុទ្ធគ្នាដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា។

កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន យន្តហោះយោធាអ៊ីស្រាអែល បានវាយប្រហាររោងចក្រមីស៊ីល និងទីតាំងផ្សេងទៀតនៅជិតទីក្រុងតេអេរ៉ង់ និងនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ ជាការសងសឹកចំពោះការបាញ់មីស៊ីលរាប់រយគ្រាប់របស់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី០១ ខែតុលា។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ មិនបានបញ្ជាក់អ្វីទេ គ្រាន់តែនិយាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា ទីក្រុងតេអេរ៉ង់ នឹង "ប្រើប្រាស់ធនធានដែលមានទាំងអស់" ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាណាមួយររបស់អ៊ីស្រាអែល៕