អាជ្ញាធរសុខាភិបាលនៅតំបន់ហ៊ុមព័ទ្ធ បាននិយាយថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីន៤៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ភាគច្រើននៅភាគខាងជើងជាកន្លែងដែលការវាយប្រហារបានធ្លាក់ទៅលើមន្ទីរពេទ្យ ដោយបានឆេះបំផ្លាញគ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការ។

យោធាអ៊ីស្រាអែល បានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនថា បានប្រើប្រាស់មន្ទីរពេទ្យ Kamal Adwan ក្នុងទីក្រុង Beit Lahiya សម្រាប់គោលបំណងយោធា និងបាននិយាយថា «ក្រុមភេរវកររាប់សិបនាក់» បានលាក់ខ្លួននៅទីនោះ ប៉ុន្តែអាជ្ញាធរសុខាភិបាល និងក្រុមហាម៉ាស បានច្រានចោលការចោទប្រកាន់នេះ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្លាក់លើលំនៅឋានពីរកន្លែងនៅក្នុងជំរុំ Nuseirat តំបន់ហ្កាហ្សាភាគកណ្តាល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់១៦ នាក់ ហើយអ្នកស្លាប់រួមមានគ្រូពេទ្យម្នាក់ និងអ្នកសារព័ត៌មានក្នុងស្រុកពីរនាក់។
តំបន់ហ្កាហ្សាភាគខាងជើង ជាកន្លែងដែលអ៊ីស្រាអែលបាននិយាយកាលពីខែមករាថា ខ្លួនបានរុះរើរចនាសម្ព័ន្ធទីបញ្ជាការរបស់ក្រុមហាម៉ាស ដែលបច្ចុប្បន្នគឺជាចំណុចសំខាន់នៃការវាយលុករបស់យោធានៅក្នុងតំបន់។
អ៊ីស្រាអែល បានបញ្ជូនរថក្រោះចូលទៅក្នុងទីក្រុង Jabalia, Beit Hanoun និងទីក្រុង Beit Lahiya ដើម្បីបណ្តេញក្រុមសកម្មប្រយុទ្ធដែលខ្លួនបាននិយាយថា បានប្រមូលផ្តុំឡើងវិញនៅក្នុងតំបន់នោះ។