ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាហ្វ្រិក (Africa CDC) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) ថា ជំងឺអុតស្វា ឬហៅថា អឹមផក (Mpox) បន្តរីករាលដាលនៅលើទ្វីបអាហ្រ្វិក ដោយបង្ហាញពីការកើនឡើងជាង ៥០០% ពីតួលេខកាលពីឆ្នាំមុន។

អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ជំងឺអុតស្វា ជាភាពអាសន្នសុខភាពសកលនៅពាក់កណ្តាលខែសីហា បន្ទាប់ពីមេរោគប្រភេទថ្មីបានចាប់ផ្តើមរីករាលដាលពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទៅកាន់ប្រទេសជិតខាង។

លោក ង៉ាស៊ី ង៉ុនហ្គោ (Ngashi Ngongo) មកពីមជ្ឈមណ្ឌលជំងឺអាហ្រ្វិក CDC បានប្រាប់សន្និសីទសារព័ត៌មានថា "ស្ថានភាពមិនទាន់ស្ថិតក្រោមការគ្រប់គ្រងនៅឡើយទេ ហើយការរីករាលដាលនៅតែកើនឡើងជាទូទៅ"។
ទិន្នន័យរបស់ទីភ្នាក់ងារសុខភាពសាធារណៈបង្ហាញថា ប្រទេសអាហ្រ្វិកចំនួន១៩ បានឃើញករណីសង្ស័យអុតស្វា ច្រើនជាង ៤៨.០០០ករណី រួមទាំងការស្លាប់ចំនួន ១.០៤៨នាក់ រហូតមកដល់ពេលនេះ។ អាហ្រ្វិកកណ្តាល ដែលជាតំបន់រងគ្រោះខ្លាំងជា
ងគេដោយជំងឺនេះ មានករណីឆ្លងចំនួន ៨៥.៧% និងការស្លាប់ ៩៩.៥% ក្នុងចំណោមតួលេខនៅទ្វីបអាហ្រ្វិកទាំងមូល។
មេរោគនេះអាចឆ្លងតាមរយៈការប៉ះពាល់រាងកាយជិតស្និទ្ធ រួមទាំងទំនាក់ទំនងផ្លូវភេទ។ ពូជថ្មីរបស់វាដែលគេស្គាល់ថា ក្លេដ ១ប៊ី (Clade Ib) ក៏កំពុងរីករាលដាលទៅអឺរ៉ុបផងដែរ ហើយត្រូវបានគេរកឃើញនៅប្រទេសស៊ុយអែត អាល្លឺម៉ង់ និងអង់គ្លេស៕