រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា មានភាពរីកចម្រើនលើការយោគយល់ អំពីតម្រូវការសម្រាប់ការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ដែលនឹងជាមូលដ្ឋាននៃដំណោះស្រាយផ្នែកការទូតចំពោះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់។

លោក Blinken បាននិយាយថា «វាមានសារៈសំខាន់ខ្លាំង ក្នុងការធ្វើឱ្យប្រាកដថា យើងមានភាពច្បាស់លាស់ទាំងពីភាគីប្រទេសលីបង់ និងពីប្រទេសអ៊ីស្រាអែល អំពីអ្វីដែលនឹងត្រូវបានទាមទារ នៅក្រោមសេចក្តីសម្រេចលេខ១៧០១ ដើម្បីទទួលបានការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព»។

អ៊ីស្រាអែល បានបន្តយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងក្រុមហេសបូឡា ដោយការវាយប្រហារថ្មីៗនៅភាគខាងត្បូងប្រទេសលីបង់ ដែលអាចមើលឃើញពីភាគខាងជើងអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍។ ទន្ទឹមនឹងនេះ កងកម្លាំងការពារដែនអាកាសអ៊ីស្រាអែល បានស្ទាក់ចាប់គ្រាប់រ៉ូកែតច្រើនគ្រាប់ ដែលបានបាញ់ចេញពីប្រទេសលីបង់។
ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡា បានចាប់ផ្តើមកាលពីមួយឆ្នាំកន្លងទៅ នៅពេលដែលក្រុមហេសបូឡា បានចាប់ផ្តើមបាញ់រ៉ូកែត ដើម្បីគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
កាលពីដើមខែតុលា អ៊ីស្រាអែល បានបើកប្រតិបត្តិការជើងគោកមួយនៅក្នុងប្រទេសលីបង់ ដែលប៉ុនប៉ងរក្សាស្ថិរភាពនៅតំបន់ព្រំដែនសម្រាប់ពលរដ្ឋអ៊ីស្រាអែល ដែលបានភៀសខ្លួនចេញពីការវាយប្រហារដោយគ្រាប់រ៉ូកែត នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រជាជនលីបង់ជាង ២.៧០០នាក់ ត្រូវបានសម្លាប់ និង ១,២ លាននាក់ ត្រូវភៀសខ្លួនចេញ។ អ៊ីស្រាអែល និយាយថា ទាហាន និងជនស៊ីវិលប្រហែល៥០ នាក់ត្រូវបានសម្លាប់ ហើយអ្នកស្រុកប្រហែល ៦០.០០០នាក់នៅសហគមន៍ភាគខាងជើងប្រទេសអ៊ីស្រាអែល បាន ភៀសខ្លួនចេញ។