អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) ថា ទីក្រុងហាណូយ បានតវ៉ាប្រឆាំងនឹងការឃុំខ្លួនដែលត្រូវបានរចោទប្រកាន់នៃអ្នកនេសាទវៀតណាម និងនាវានេសាទ ពីភាគីចិន ក្នុងប្រជុំកោះ ប៉ារ៉ាសែល (Paracel) ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។

វៀតណាម បានជំរុញឱ្យប្រទេសចិន "ដោះលែងអ្នកនេសាទ និងនាវានេសាទ ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ជាបន្ទាន់" នេះបើតាមអ្នកនាំពាក្យបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដោយមិនបានបញ្ជាក់ថាមានមនុស្សប៉ុន្មាននាក់ និងពេលវេលាណាដែលអ្នកទាំងនោះត្រូវបានឃុំខ្លួនទេ។

មិនមានការឆ្លើយតបភ្លាមៗពីក្រសួងការបរទេសចិន ចំពោះសំណើសុំការអត្ថាធិប្បាយពីឧបទ្ទវហេតុនេះឡើយ។
ប្រទេសចិន ទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម។ ផ្នែកនៃផ្លូវទឹកយុទ្ធសាស្ត្រ ដែលមានតម្លៃ ៣សែនកោដិ៍ដុល្លារនៃពាណិជ្ជកម្មឆ្លងកាត់ជារៀងរាល់ឆ្នាំនេះ ត្រូវបានគេជឿថាសម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ ក៏ដូចជាជម្រុកត្រីផងដែរ៕