ក្រុមមន្រ្តីសហជីពជាន់ខ្ពស់បាននិយាយថា ខណៈដែលថ្ងៃបោះឆ្នោតនៅសហរដ្ឋអាមេរិកជិតមកដល់ លោកស្រីអនុប្រធានាធិបតី Kamala Harris កំពុងជួបការលំបាកក្នុងការទទួលបានសំឡេងគាំទ្រពីអ្នកស្ម័គ្រចិត្តបុរស នៅក្នុងសហជីពការងារមួយចំនួន ដែលត្រូវការការជជែកតាមទូរសព្ទ និងការទៅជួបផ្ទាល់ដល់លំនៅឋាន ដើម្បីជំរុញឱ្យអ្នកគាំទ្របក្សប្រជាធិបតេយ្យទាំងនោះចេញទៅបោះឆ្នោត។

សហជីពភាគច្រើនបានគាំទ្របេក្ខភាពបក្សប្រជាធិបតេយ្យតាំងពីយូរយារណាស់មកហើយ ហើយទាំងលោកស្រី Harris និងលោកប្រធានាធិបតី Joe Biden បានគាំទ្រសហជីពក្នុងការចរចាកិច្ចសន្យាការងារ និងយកសិទ្ធិកម្មករជាធំ។

ប៉ុន្តែបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក Donald Trump ដែលជាប្រធានាធិបតីពីឆ្នាំ២០១៧-២០២១ ក៏ហាក់មានប្រជាប្រិយភាពជាមួយកម្មករសហជីពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការធ្លាក់ចុះនៃការគាំទ្ររបស់ពួកគេចំពោះលោកស្រី Harris អាចជាកត្តាដ៏សំខាន់ក្នុងការស្ទង់មតិយ៉ាងប្រកៀកប្រកិតជាច្រើនសប្ដាហ៍។
ប្រសិនបើជាប់ឆ្នោត លោកស្រី Harris នឹងបង្កើតប្រវត្តិសាស្ត្រអាមេរិក ជាស្ត្រីទីមួយ និងជាប្រធានាធិបតីស្បែកខ្មៅទីពីរ ប៉ុន្តែការរើសអើសភេទ និងការរើសអើងជាតិសាសន៍ត្រូវគេមើលឃើញថាជាឧបសគ្គដ៏ធំដល់ជ័យជម្នះរបស់អនុប្រធានាធិបតីរូបនេះ។

លោកស្រី លីស ស៊ូលើ (Liz Shuler) ប្រធានសហជីព AFL-CIO ដែលមានសមាជិក ១២,៥លាននាក់ បាននិយាយថា ការសាទរចំពោះលោកស្រី Harris គឺខ្លាំងក្លាជារួម ប៉ុន្តែការរើសអើងភេទទំនងជាធ្វើឱ្យខូចដល់ការគាំទ្រសម្រាប់បេក្ខភាពបក្សប្រជាធិបតេយ្យរូបនេះនៅក្នុងសហជីពមួយចំនួន៕