ប្រធានទីភ្នាក់ងាជំនួយ UNRWA បាននិយាយថា យានឈូសឆាយរបស់អ៊ីស្រាអែល បានបំផ្លាញការិយាល័យរបស់ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិមួយនេះ នៅក្នុងជំរំ នួរ សាម (Nur Shams) របស់តំបន់កាន់កាប់ វេស បែង (West Bank) កាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) ប៉ុន្តែអ៊ីស្រាអែល បានជំទាស់នឹងការលើកឡើងនោះ នៅក្នុងភាពតានតឹងចុងក្រោយរវាងភាគីទាំងពីរ។

លោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ការិយាល័យនេះត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងមិនអាចប្រើប្រាស់បានទៀតទេ”។

ជាមួយគ្នានេះ យោធាអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធមិនទទួលខុសត្រូវចំពោះការខូចខាតអគារនោះទេ។ សេចក្តីថ្លែងការណ៍បង្ហាញថា "ការអះអាងដែលថាការិយាល័យ UNRWA នៅជំរំ Nur Shams ត្រូវបានបំផ្លាញដោយកងកម្លាំងការពារអ៊ីស្រាអែល IDF គឺមិនពិតទេ"។

សេចក្តីថ្លែងការណ៍បន្ថែមថា "ភេរវករបានបង្កប់គ្រឿងផ្ទុះនៅជិតការិយាល័យ UNRWA ហើយបន្ទាប់មកត្រូវបានបំផ្ទុះនៅក្នុងការប៉ុនប៉ងធ្វើបាបទាហាន IDF។ គ្រឿងផ្ទុះទាំងនោះទំនងជាមូលហេតុបណ្តាលឱ្យខូចខាតដល់រចនាសម្ព័ន្ធអគារទីភ្នាក់ងារជំនួយ"៕