អតីតបេសកជនសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ អាចផ្តល់បច្ចេកវិទ្យាមីស៊ីលនុយក្លេអ៊ែរដល់ប្រទេសកូរ៉េខាងជើង ជាថ្នូរនឹងការដាក់ពង្រាយកងកម្លាំងរបស់ពួកគេ ដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែន។ ប៉ុន្តែលោកក៏និយាយផងដែរថា ទីក្រុងមូស្គូ មានការព្រួយបារម្ភចំពោះប្រតិកម្មរបស់ប្រទេសចិន។

លោក John Sullivan បាននិយាយដូច្នេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK នៅក្នុងបទសម្ភាសន៍មួយ ដែល លោក Sullivan គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២២។

កាលពីពេលមុន លោកធ្លាប់ជាអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។
លោក Sullivan បញ្ជាក់ថា ជំហររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនខ្លាំងដូចមនុស្សមួយចំនួនអាចគិតនោះទេ។ នេះគឺច្បាស់ណាស់ពីការពឹងផ្អែករបស់លោកពូទីន លើទាហាន ដែលមិនបានហ្វឹកហាត់ក្នុងជួរយោធារបស់រុស្ស៊ី ហើយប្រហែលជាមិននិយាយភាសារុស្ស៊ី ដែរ។

លោកនិយាយថា លោក ពូទីន ចង់បញ្ចៀសការកែណ្ឌយុវជនរុស្ស៊ីបន្ថែមទៀត ព្រោះខ្លាចមានប្រតិកម្មជាសាធារណៈ។
លោក Sullivan រំពឹងថា រុស្ស៊ីនឹងប្រើប្រាស់កងទ័ពកូរ៉េខាងជើង តាមរបៀបដែលពួកគេបានប្រើអតីតក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner និងដែលគេហៅអ្នកស្ម័គ្រចិត្តអ្នកទោស ប្រឆាំងទីតាំងរឹងមាំរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។