សិប្បករខ្មែរ បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ចំពោះការគិតគូរ និងជួយជ្រោមជ្រែង នៃក្រុមការងារពិសេសរបស់នាយករដ្ឋមន្ត្រី លើការដាក់លក់សាកល្បងនៅក្នុងទីផ្សារ Sunshine Night Market ដោយពួកគាត់រំពឹងថា ការដាក់លក់នៅក្នុងផ្សារមួយនេះ នឹងអាច មានការគាំទ្រ និងលក់ដាច់បានច្រើន ។

សិប្បករ ដែលជាម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ចំណីអាហារក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក ព័ត៌មាន BTV ស្តីពីការលក់សាកល្បង នៅផ្សាររាត្រីរាជធានីភ្នំពេញ Sunshine Night Market ចាប់ពីថ្ងៃទី ៣១ ខែ តុលា ម្សិលមិញ នេះថា ពាក់ព័ន្ធការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នានា ពួកគាត់តែងតែចូលរួមដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជាការផ្សព្វផ្សាយទៅដល់ប្រពលរដ្ឋដូចជា បញ្ហាវេចខ្ចប់ គុណភាព និងអនាម័យជាដើម ដើម្បីឲ្យប្រជាជនយើងជួយគាំទ្រផលិតផលក្នុងស្រុក ក្នុងនោះការ ចូលរួមគាំទ្រពីប្រជាជន ពិតជាមានសារៈសំខាន់ណាស់, ប្រសិនបើខ្សែច្រវាក់ផលិតកម្មក្នុងស្រុកដំណើរកាន់តែខ្លាំង វាជាការចូលរួម ចំណែក ដល់ការលើកកម្ពស់កសិករជាអ្នកដាំដុះ វិស័យការងារ និងការបង្កើតនូវតម្លៃបន្ថែមកាន់តែខ្ពស់។

សិប្បករ ទាំងនេះលើកឡើងស្រដៀងគ្នាទៀតថា ជាក់ស្តែងក្នុងបច្ចុប្បន្ននេះ ពួកគាត់បានលក់ដាច់កាក់កបគ្រាន់បើជាងមុន ហើយរំពឹងថា នៅពេលខាងមុខផលិតផលរបស់ពួកគាត់នឹងអាចហូរចូលទីផ្សារកាន់តែច្រើន និងបានថ្លែងអំណរគុណចំពោះគណៈ- កម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងក្រុមការងារពិសេសរបស់នាយករដ្ឋមន្ត្រី លើកិច្ចការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្តគោលនយោបាយពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបានស្នើសុំទីតាំង ផ្សាររាត្រីរាជធានាភ្នំពេញ Sunshine Night Market ឱ្យសហគ្រាសផលិតផលិតផលខ្មែរមកលក់សាកល្បងនៅទីនេះ។

ជុំវិញការដាក់លក់ផលិតផលនេះ លោក ទិនហ្វៃ អ្នកចាត់ការទូទៅនៃគម្រោង Sunshine Family Park លើកឡើងថាបច្ចុប្បន្ននៅក្នុង គម្រោង Sunshine Family Park មានជីវករ ៦៨ ស្តង់ បានកំពុងដាក់លក់ផលិតផលរបស់ខ្លួន, ដោយឡែកការអនុញ្ញាត្តិឱ្យសិប្បករ ខ្មែរ របស់ចលនាភូមិ១ផលិតផល១ លោកមានគោលបំណងជួយផ្សព្វផ្សាយ និងការជួយដល់ការលក់ដូររបស់សិប្បករខ្មែរ ក្នុងរយៈ ពេលវែង ដើម្បីឱ្យពួកគាត់ស្វែងរកចំណូល សម្រាប់ដោះស្រាយក្នុងជីវភាព និងកិច្ចដំណើរការអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែប្រសើរ និងក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ លើការលើកកម្ពស់ដល់សហគមន៍ដាំដុះ និងការបង្កើតការងារជាដើម៕ អត្ថបទ៖ សុន រ៉ាឌី


