កីឡាការនីទូកចែវព្រះពៃស្រពណ៌ទាំងអស់ នៅមានចិត្តស្រឡាញ់កីឡានេះ តែអាយុកាន់ច្រើន កម្លាំងកាយថយចុះ អ្វីដែលជាបញ្ហានោះ គឺមិនមានអ្នកបន្តវេន ព្រោះក្មេងឥឡូវសុទ្ធតែអ្នកធ្វើការតាមរោងចក្រ។ ការខិតខំហាត់សមនាពេលនេះ ដើម្បីកេរ្ត៍ឈ្មោះភូមិឃុំស្រុកខេត្ត ប្រជាជន ជាពិសេសគឺទំនៀមទម្លាប់ប្រពៃណីខ្មែរតែម្តង ។ ទូកចែវនារី ព្រះពៃស្រពណ៌ បានត្រៀមខ្លួនជាស្រេចហើយ ក្នុងការចូលរួមប្រណាំងទូកងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំនេះ ។
កីឡាការនី២នាក់បានអោយដឹងថា គាត់បានចូលជាសមាជឹកកីឡាទូកចែវនារី ព្រះពៃស្រពណ៌ នេះតាំងពីអាយុ១៥ឆ្នាំ ខ្លះ១៦ឆ្នាំមកម្លេះ ពេលនេះវ័យចូលជាង៤០អស់ហើយ។ ដោយសារមានចិត្តស្រឡាញ់វិស័យកីឡាប្រណាំងទូកង ទោះជាកម្លាំងរបស់ខ្លួនកាន់តែថយចុះ និងមិនមានអ្នកបន្តវេនពិតមែន ពួកគាត់ក៏នៅតែបន្តចូលរួមប្រណាំងទូករហូតដល់បច្ចុប្បន្ន ដើម្បីកេរ្ត៍ឈ្មោះអ្នកភូមិ ស្រុក ឃុំ ខេត្តរបស់គាត់ ហើយវាជាប្រពៃណីខ្មែរតាំងពីដូនតាផងដែរ។ ពេលប្រណាំងម្តងៗ កីឡាការនីទាំងអស់ បានប្រើកម្លាំងអស់ពីខ្លួនតែម្ដង ព្រោះខ្លាចចាញ់គេ តែក៏មានវិធីសាស្ត្រក្នុងការប្រើកម្លាំង និងបច្ចេកទេសចែវ រួមទាំងអ្នកបញ្ជាទូកផងដែរ។ ប៉ុន្តែពេលឈ្នះហើយ យើងអាចបន្ធូរដៃដកដង្ហើមបានស្រួលវិញ ។
លោក អៃ ឈុន មេឃុំជលសា ស្រុកជលគីរី បានថ្លែងថា៖ កីឡាការនីទូកងទាំងអស់ សុទ្ធតែមានក្ដីស្រឡាញ់កីឡាប្រភេទនេះ ព្រោះវាជាកេរ្តិ៍តំណែលពីដូនតា ជាពិសេសគឺកេរ្តិ៍ឈ្មោះស្រុកភូមិ ដោយមិនប្រាថ្នាប្រាក់រង្វាន់ឡើយ ។ ដោយសារតែគាត់ស្រឡាញ់បុណ្យប្រពៃណីជាតិ ទើបពួកគាត់ចូលរួម ទោះបីបានតិចឬច្រើន ក៏គាត់នៅតែខំខ្នះខ្នែងដដែល ទើបទូកចែវ ព្រះពៃស្រពណ៌នេះ ទទួលបានជ័យជំនះលេខ១ជារៀងរាល់ឆ្នាំ និងគ្មានគូប្រកួតឡើយ ។ មានឈ្មោះជាទូកចែវនារីក៏ពិតមែន ក៏ប៉ុន្តែទូកព្រះពៃស្រពណ៌នេះ ក៏មានបុរសចែវនៅខាងក្បាល និងកន្សៃទូកចំនួន៥នាក់ដែរ គឺខាងមុខ២នាក់ និងកន្សៃ៣នាក់ ព្រោះប្រុសៗ ងាយក្នុងការបញ្ជាទូក និងកាច់ចង្កូតទូក ៕ កាំង ហុងវាស្នា