បាល់ទាត់៖ កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅអង្គការផ្កាយសមុទ្រកម្ពុជា ISF សហការជាមួយក្រុមហ៊ុន AIA កម្ពុជា និងក្លិបបាល់ទាត់ Tottenham Hotspur របស់អង់គ្លេសបានពាក់អាវដែលបានបោះពុម្ពជាពិសេស ដោយមាននិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រក្នុងការប្រកួត Premier League ជាមួយនឹងក្លឹបបាល់ទាត់ Sheffield United។

អាវកីឡាដែលត្រូវបានពាក់ក្នុងការប្រកួតត្រូវចុះហត្ថលេខាដោយកីឡាករ Gareth Bale និង Heung-min Son ត្រូវបានដាក់ដេញថ្លៃដើម្បីរៃអង្គាសថវិកាឲ្យអង្គការផ្កាយសមុទ្រ និងមូលនិធិរបស់ក្លឹប Tottenham Hotspur ដែលមានគោលដៅបង្កើតឳកាសនាំមកនូវការផ្លាស់ប្តូរក្នុងជីវិត ដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន។ តាមរយៈកិច្ចសហការនេះក្លិប Tottenham Hotspur បានប្រគល់អាវមួយដែលមានហត្ថលេខាកីឡាករកំពូលរបស់ក្លិបទាំង ២នាក់មកឱ្យអង្គការផ្កាយសមុទ្រ។ ដើម្បីអបអរខួបទី១៥ របស់ខ្លួន អង្គការផ្កាយសមុទ្រនឹងរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីរៃអង្គាសថវិកា ដែលមានរយៈពេលពេញមួយខែដោយអ្នកមានសំណាងក្នុងកម្មវិធីនេះ នឹងទទួលបានអាវកីឡាដែលមានហត្ថលេខាកីឡាករកំពូលទាំង ២នាក់នេះ។ កម្មវិធីរៃអង្គាសប្រាក់នេះបានចាប់ពីថ្ងៃទី១២ ខែតុលារហូតដល់ថ្ងៃទី១០ ខែវិច្ឆិកាដោយអ្នកចូលរួមផ្សងសំណាងត្រូវជាវសំបុត្រចាប់ពី ១ដុល្លារឡើងទៅ និងតាមលក្ខខណ្ឌផ្សេងទៀតដែលបានកំណត់។

ដើម្បីជ្រាបច្បាស់ពីព័ត៌មានបន្ថែមអាចចូលទៅកាន់ផេកហ្វេសបុកផ្លូវការរបស់អង្គការផ្កាយសមុទ្រ។ ការចាប់ឆ្នោតស្វែងរកម្ចាស់អាវនឹងប្រព្រឹត្តិនៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ខណៈអ្នកឈ្នះនឹងទទួលបានព័ត៌មានតាមរយៈអ៊ីម៉េល រឺទូរស័ព្ទ ក៏ដូចជាប្រកាសតាមបណ្តាញសង្គមផងដែរ។ ថវិកាដែលទទួលបានពីកម្មវិធីនេះនឹងជួយដល់កុមារកម្មវិធីស្នូលទាំងបីរបស់អង្គការផ្កាយសមុទ្រ ក្នុងគោលបំណងផ្តល់ឱ្យយុវជនកម្ពុជានូវមូលដ្ឋានគ្រឹះនៃការអប់រំប្រកបដោយគុណភាព ពង្រឹងសុខភាព និងអាហារូបត្ថម្ភ កសាងទំនុកចិត្ត និងជួយឱ្យពួកគេអាចកសាងអនាគតដ៏ត្រចះត្រចង់៕
អត្ថបទនាង សុភាវុធ