នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) ថា ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងឈប់បាញ់ណាមួយជាមួយក្រុមហេសបូឡា ត្រូវតែផ្តល់ឱ្យអ៊ីស្រាអែល នូវសមត្ថភាពក្នុងការទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខពីលីបង់ និងបញ្ជូនពលរដ្ឋអ៊ីស្រាអែលទៅសហគមន៍នៅភាគខាងជើងនៃប្រទេសវិញដោយសុវត្ថិភាព។

លោក Brett McGurk និងលោក Amos Hochstein មន្ត្រីជាន់ខ្ពស់សេតវិមាន ដែលផ្តោតលើមជ្ឈិមបូព៌ា បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុងហ្សេរុយសាឡឹម ក្នុងការប្រឹងប្រែងជំរុញកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលនឹងបញ្ឈប់ជម្លោះកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

ការលើកឡើងរបស់លោក Netanyahu នេះបានកើតឡើង ខណៈគ្រាប់រ៉ូកែតដែលបានបាញ់ដោយក្រុមហេសបូឡា ត្រូវគេរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និងធ្វើឱ្យអ្នកផ្សេងទៀតរងរបួស។សារព័ត៌មានរ៉យទ័ររាយការណ៍ថា នៅលីបង់ យ៉ាងហោចណាស់បុគ្គលិកសុខាភិបាលចំនួន ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។

រដ្ឋបាលលោកប្រធានាធិបតី Joe Biden កំពុងធ្វើការដើម្បីបន្តបទឈប់បាញ់ដាច់ដោយឡែកមួយរវាងអ៊ីស្រាអែល និងក្រុមនៅលីបង់មួយនេះ ដើម្បីបន្ធូរបន្ថយការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ា ដែលកំពុងកើតឡើងនៅជួរមុខជាច្រើន ខណៈការសម្រេចបានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ក៏ពុំមានលទ្ធផល។ សហរដ្ឋអាមេរិក បានចេញការព្រមានដល់អ៊ីរ៉ង់ កុំឱ្យវាយប្រហារសងសឹកទៅមកជាមួយអ៊ីស្រាអែល ដែលនាំឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ទៅមាត់ជ្រោះនៃភាពតានតឹង៕