ប្រជាជនដែលរួចរស់ជីវិតពីទឹកជំនន់ដ៏មហន្តរាយនៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ បានត្អូញត្អែរចំពោះភាពយឺតយ៉ាវក្នុងការព្រមានពីទឹកជំនន់ជាមុនរបស់អាជ្ញាធរ ដែលជាហេតុនាំឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយទូទាំងតំបន់។

អ្នកស្រុកមួយចំនួននិយាយថា មួយសន្ទុះក្រោយពីទឹកជោរជន់ហូរហៀរដល់មុខលំនៅដ្ឋានទៅហើយ ទើបពួកគេទទួលបានសារជូនដំណឹងពីអាជ្ញាធរក្នុងតំបន់ ដែលព្រមានពីលទ្ធភាពនៃទឹកជំនន់យ៉ាងគំហុក។
ពលរដ្ឋទាំងនោះស្ថិតក្នុងចំណោមអ្នកមានសំណាងរួចរស់ពីទឹកជំនន់ដ៏មហន្តរាយ ខណៈមនុស្សជិត ១៦០នាក់បានស្លាប់ ហើយអ្នកជាច្រើនទៀតបានជាប់ខ្លួននៅក្នុងរថយន្ត ឬក្នុងផ្ទះសម្បែងរបស់ពួកគេ ស្របពេលដែលទន្លេបានបាក់ច្រាំង បង្កជាទឹកជំនន់បោកបក់តាមតំបន់នានានៅជាយក្រុង Valencia ភាគខាងត្បូង។

ចំនួនអ្នកស្លាប់ដ៏ច្រើន ដែលបានក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងការចងចាំរបស់អេស្ប៉ាញនេះ បានចោទជាសំណួរទៅលើថា តើរឿងនេះអាចកើតឡើងនៅក្នុងប្រទេសសហភាពអឺរ៉ុប ដែលមានសុវត្ថិភាពសាធារណៈដ៏ខ្ពស់នេះដោយរបៀបណា។

ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះបន្តទាញសាកសពចេញពីភក់ និងកម្ទេចកម្ទី កំហឹងក៏បានចាប់ផ្តើមកើនឡើងក្នុងចំណោមអ្នកស្រុកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ និងមនុស្សរាប់ពាន់នាក់ទៀត ដែលជីវភាពរបស់ពួកគេត្រូវបានបំផ្លាញដោយទឹកជំនន់៕