អ៊ីស្រាអែល បានពង្រីកការព្រមានជម្លៀសខ្លួនទៅកាន់តំបន់ថ្មីនៃប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលនាយករដ្ឋមន្ត្រីចាំផ្ទះ ណាជីប មីកាទី ( Najib Mikati) បានព្រមានថា ទស្សនវិស័យរយៈពេលខ្លីសម្រាប់ប្រទេសរបស់លោក «នៅតែអាក្រក់»។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង នៅពេលដែលបេសកជនអាមេរិក លោក អេម៉ូស ហូសស្តាញ (Amos Hochstein) និង លោក ប្រេត មេកហ្គាក ( Brett McGurk) បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រា អែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងទីក្រុងហ្ស៊េរុយសាឡឹម (Jerusalem)។
ការបញ្ជារបស់អ៊ីស្រាអែលឲ្យជនស៊ីវិលលីបង់ជម្លៀសចេញពីតំបន់ធំៗនៃទីក្រុង Tire និងទីក្រុង Baalbek ត្រូវបានថ្កោលទោសដោយលោក មីកាទី ថាជា «ឧក្រិដ្ឋកម្មសង្គ្រាមបន្ថែម» ដោយបន្ថែមលើ «ឧក្រិដ្ឋកម្មនៃការសម្លាប់ ការខូចខាត និងការបំផ្លិចបំផ្លាញដែលប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែល»។
ជាការឆ្លើយតបទៅនឹងការពង្រីកយុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែល លោក មីកាទី បានស្នើសុំបង្កើនសម្ពាធលើអ៊ីស្រាអែល» ពីបណ្តាស្ថាប័នអន្តរជាតិ និងការទូត។
តាមសេចក្តីរាយការណ៍ លោក ហូសស្តាញ បានប្រាប់លោក មីកាទី កាលពីថ្ងៃពុធថា លោកនឹងជំរុញឲ្យ អ៊ីស្រាអែលបញ្ចប់យុទ្ធនាការរបស់ខ្លួន ជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់លីបង់ ក្នុងការអនុវត្តសេចក្តីសម្រេច លេខ ១៧០១។