ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាគម្រោងដ៏សំខាន់ដែលកម្ពុជា-ចិន បានកសាងរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២ ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា តាំងនាមស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅក្នុងកម្មវិធីគម្រប់ខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះបុគ្គលិកដែលបានចូលរួមចំណែក និងលះបង់កម្លាំងកាយចិត្តតាំងពីតំណាក់កាលសាងសង់ និងបន្តមកដល់ការបើកដំណើរប្រតិបត្តិមកទល់ពេលនេះ ដោយស្មោះជូនចំពោះប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ។

ឯកឧត្តម វ៉ាង វិនពីន បានបន្ថែមថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា និងជាគម្រោងដ៏សំខាន់ដែលកម្ពុជា-ចិន បានកសាងរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ប្រទេសកម្ពុជា និង ចិនបានសហការយ៉ាងស្អិតរមួតក្នុងការជម្នះឧបសគ្គអំឡុងពេលរីករាលដាលនៃមេរោគកូវីដ-១៩ ហើយបានបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមុនកាលកំណត់រយៈពេល ៨ ខែ ដែលនាំឱ្យប្រទេសកម្ពុជាឈានចូលយុគសម័យ " ផ្លូវល្បឿនលឿន " ។ ចាប់តាំងពីបើកដំណើរការរយៈពេល ២ ឆ្នាំ កន្លងមក លំហូរចរាចរណ៍សរុបនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានចំនួនដល់ទៅជាង ១០ លានដង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារក្នុងស្រុក លើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកឧត្តមក៏បានធ្វើដំណើរតាមរយះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាច្រើនដង ហើយឯកឧត្ដមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ផ្លូវល្បឿនលឿន។ ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់នូវសក្តានុពលនៃការ អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីសមិទ្ធផលជាផ្លែផ្កា និងចក្ខុវិស័យដ៏វែងឆ្ងាយនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសផ្សេងៗ កម្ពុជាគឺជាប្រទេសដំបូងគេមួយដែលបានចូលរួម និងអនុវត្តក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ”។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ មានគម្រោងធំៗជា ច្រើនដែលបានសាងសង់ឡើងដោយជោគជ័យ មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ គម្រោងទាំងនេះបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការកម្ពុជាចិន និងជាគំរូសម្រាប់សហគមន៍អន្តរជាតិនៅក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ“ខ្សែក្រវ៉ាត់ និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ ប្រទេសចិនមានឆន្ទៈ យ៉ាងមោះមុតក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “ការធ្វើផែនការរួមគ្នា កសាងរួមគ្នា និងផ្តល់ផលប្រយោជន៍រួមគ្នា” ដើម្បីសាងសង់គម្រោងធំៗបន្តទៀត និងបន្តជំរុញនិងលើកកម្ពស់ប្រទេសតូចតែពោពេញដោយសក្តានុពល។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកចំណែកជាកម្លាំងចលករ ជំរុញសន្ទុះនៃការអភិវឌ្ឍ ហើយនាំមកនូវភាពសុខដុមរមនាដល់ប្រជាជនកម្ពុជា៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា


