បាល់ទាត់៖ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling បានបង្ហើបថា គេអាចនឹងចាកចេញទៅលេងនៅក្រៅប្រទេសប្រសិនបើឱកាសនៅ Manchester City មិនសូវមាន។ កីឡាករជំរើសជាតិអង់គ្លេសដែលមានកិច្ចសន្យានៅ Etihad ដល់ឆ្នាំ២០២៣ នោះបាននិយាយទៀតថា គេមានក្តីស្រមៃតាំងពីតូចថា បានលេងបាល់ទាត់នៅក្រៅប្រទេស។

កីឡាករវ័យ ២៦ឆ្នាំរូបនេះចង់ស្គាល់ការប្រកួតប្រជែង និងបទពិសោធលើសពីនេះ។ សូមបញ្ជាក់ថា Raheem Sterling បានជាប់ជំរើស ១១នាក់ដំបូងមួយលើកប៉ុណ្ណោះរដូវកាលនេះនៅ English Premier League។ ការមកដល់របស់មិត្តរួមជាតិអង់គ្លេស Jack Grealish ពី Aston Villa តម្លៃ ១០០លានផោនបានបង្កើតការប្រកួតប្រជែងគ្នាខ្ពស់ ដើម្បីតំណែងប្រយុទ្ធនៅ Manchester City ទោះបីជាខ្សែប្រយុទ្ធអេស្ប៉ាញ Ferran Torres ត្រូវអវត្តមានយ៉ាងហោចណាស់ ៦ខែដោយសាររបួស។ Raheem Sterling បានមកដល់ Manchester City តាំងពីឆ្នាំ២០១៥ ពី Liverpool ដោយឈ្នះជើងឯក English Premier League នៅ Etihad Stadium នេះ ៣លើក, FA Cup ១លើក និង EFL Cup ៤លើក៕
អត្ថបទ៖នាង សុភាវុធ