លោក Robert Gates អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក និងជាអតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) បាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងគីវ ក្នុងការវាយប្រហារខ្សែព្រំដែនតំបន់ឃើស (Kursk) របស់រុស្ស៊ី បានក្លាយជា «កំហុសយុទ្ធសាស្ត្រ» ។

លោកបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ នៅមជ្ឈមណ្ឌល Woodrow Wilson Center ក្នុងទីក្រុងវ៉ាស៊ីនតោនថា៖«ចំណែកខ្ញុំគ្រាន់តែនិយាយរឿងនេះអំពីការលុកលុយចូលទៅក្នុងប្រទេសរុស្ស៊ី ការលុកលុយក្នុងតំបន់ឃើស៖ ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ គឺថា នោះជាកំហុសយុទ្ធសាស្ត្រ ហើយទាហានអ៊ុយក្រែនល្អៗ ប្រមាណ ៣០.000នាក់ ដែលខ្ញុំគិតថា គួរតែត្រូវបានប្រើ ដើម្បីពង្រឹងជួរមុខនៅតំបន់ Donbass ជាកន្លែងដែលពួកគេ ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ហើយកងកម្លាំងរុស្ស៊ី កំពុងរុលចូលទៅមុខបណ្តើរៗ ដោយ ដណ្តើមកាន់កាប់ភូមិមួយ ក្នុងពេលតែមួយ»។
តាមគំនិតរបស់លោក រុស្ស៊ីមានលទ្ធភាពបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន រហូតទាល់តែសម្រេចថា គោលដៅរបស់ខ្លួន ត្រូវបានសម្រេច ហើយការប៉ាន់ស្មានសមត្ថភាពរបស់ខ្លួនក្នុងការបន្ត «គឺជាកំហុសដ៏ធំមួយ»។

លោកក៏បានលើកឡើងផងដែរថា លោកខាងលិចបាន «មើលស្រាលរុស្ស៊ីយ៉ាងខ្លាំង ហើយពួកគេ ប្រហែលជាមិនបានអានប្រវត្តិសាស្ត្ររុស្ស៊ីឲ្យបានគ្រប់គ្រាន់នោះទេ»។
ការលុកលុយដ៏ធំរបស់ប្រទេសអ៊ុយក្រែនចូលទៅក្នុងតំបន់ឃើស បានចាប់ផ្តើម កាលពីថ្ងៃទី ៦ ខែសីហា។ ស្ថានភាពនៃភាពអាសន្នកម្រិតសហព័ន្ធ នៅជាធរមាននៅទីនោះ។ ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ត្រូវបានគេនាំយកទៅទីសុវត្ថិភាព។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងគីវ បានបាត់បង់ទាហានជាង ២៧.៥០០នាក់ និងរថក្រោះ ១៧៧គ្រឿង ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព នៅក្នុងតំបន់ឃើស។ ប្រតិបត្តិការដើម្បីកម្ចាត់កងកម្លាំងអ៊ុយក្រែន នៅតែបន្ត។