នៅថ្ងៃសុក្រនេះ មានរយៈពេល១ខែ ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែល បានបើកការវាយលុកជើងគោកនៅភាគខាងត្បូងប្រទេសលីបង់។
អ៊ីស្រាអែល បានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួន ហើយចំនួនអ្នកស្លាប់និងរងរបួស ដែលកំពុងកើនឡើង កំពុងធ្វើឲ្យប្រព័ន្ធវេជ្ជសាស្រ្ដរបស់ប្រទេសលីបង់ ជួបការលំបាកខ្លាំង។
នៅក្នុងរដ្ឋធានីបេរូត អ្នកជំងឺជាច្រើននាក់កំពុងត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យរដ្ឋ ពីស្ថាប័នផ្សេងៗ ដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល ឬត្រូវបិទទ្វារ។ មន្ត្រីមន្ទីរពេទ្យ និយាយថា វាក្លាយជាការលំបាក ដើម្បីទទួលយកអ្នកជំងឺបន្ថែមទៀត។
ប្រទេសលីបង់ ស្ទើរតែដួលរលំទាំងស្រុងកាលពីឆ្នាំ២០២០ ហើយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជាច្រើននាក់ បានចាកចេញពីប្រទេស។ ប៉ុន្តែអ្នកមួយចំនួនបានវិលត្រឡប់ទៅវិញ ខណៈមន្ទីរពេទ្យរដ្ឋាភិបាល ខ្វះបុគ្គលិកគិលានុបដ្ឋាយិកា ធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិតម្នាក់ និយាយថា មន្ទីរពេទ្យបានផ្ទុកលើសចំនួនអ្នកជំងឺ ហើយពួកគេស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។
មនុស្សមួយចំនួន ពុំអាចទទួលបានការព្យាបាលវេជ្ជសាស្រ្តដែលពួកគេត្រូវការបានឡើយ។ បុរសជម្លៀសខ្លួនម្នាក់និយាយថា កូនស្រីអាយុពីរខែរបស់គាត់បានឈឺមួយសប្តាហ៍បន្ទាប់ពីពួកគេបានជម្លៀសចេញ ហើយលោកបានយកកូនស្រីទៅមន្ទីរពេទ្យ ប៉ុន្តែនាងពុំអាចទទួលបានការព្យាបាលណាមួយឡើយ។
លោកនិយាយថា លោកពុំអាចធ្វើអ្វីបានទាំងអស់។ វាមានការលំបាកខ្លាំងក្នុងការទទួលបានឱសថសម្រាប់ព្យាបាលកូនស្រី និងបំពេញតម្រូវការផ្សេងៗទៀតរបស់គាត់។