ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននៅតែប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន និងលីបង់ ខណៈដែលមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជ្រលងភ្នំ Bekaa ភាគខាងកើតនៃប្រទេសលីបង់ ក្នុងសប្តាហ៍នេះ។
អ៊ីស្រាអែល បានធ្វើការវាយប្រហារផ្លូវអាកាសរាប់ពាន់ដង នៅទូទាំងប្រទេសលីបង់ ក្នុងរយៈពេល ៥ សប្តាហ៍កន្លងមកនេះ ដោយកំណត់គោលដៅទៅលើអ្វីដែលខ្លួននិយាយថា ជាប្រតិបត្តិករ ហេដ្ឋារចនាសម្ព័ន្ធ និងសព្វាវុធរបស់ក្រុមហេសបូឡា។ ប្រទេសនេះ ក៏បានចាប់ផ្តើមការវាយលុកតាមផ្លូវអាកាស និងតាមផ្លូវគោក នៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំមុន ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤២.000 នាក់ចាប់តាំងពីពេលនោះមក។
រហូតមកដល់ពេលនេះ ប៉ាគីស្ថាន បានបញ្ជូនជំនួយចំនួន ១៧ រថយន្តដឹកទំនិញ ទៅកាន់តំបន់ហ្កាហ្សា និងលីបង់ រួមទាំងតង់សម្រាប់រដូវ រងារ អាហារ និងឧបករណ៍អនាម័យ។ ប៉ាគីស្ថាន ក៏បានបង្កើតគណនីពិសេសមួយ «មូលនិធិជំនួយរបស់នាយករដ្ឋមន្ត្រីសម្រាប់ហ្កាហ្សា និងលីបង់» ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Shehbaz Sharif សម្រាប់ការបរិច្ចាគដល់ប្រជាជនហ្កាហ្សា និងលីបង់។
អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Mumtaz Zahra Baloch បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖«ប៉ាគីស្ថាន នៅតែប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនលីបង់ និងប៉ាឡេស្ទីន»។