ប្រភពមួយ បានប្រាប់សារព័ត៌មាន TASS ថា ប្រទេសអង់គ្លេស ម៉ាល់តា ស្លូវេនី សហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង និងជប៉ុន បានស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រៀបចំកិច្ចប្រជុំ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ទាក់ទងនឹងការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
ការសម្រេចចិត្តអំពីការរៀបចំកិច្ចប្រជុំ នឹងធ្វើឡើងដោយបេសកកម្មអចិន្ត្រៃយ៍របស់អង់គ្លេសប្រចាំអង្គការសហប្រជាជាតិ ដែលនឹងចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ នៅក្នុងខែវិច្ឆិកា។
យោងតាមក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះ បានជាប់កំណត់ត្រាហោះហើរបានរយៈពេល ៨៦នាទី ដើម្បីឡើងដល់កម្ពស់ខ្ពស់បំផុតជាង ៧០០០ គីឡូម៉ែត្រ។ មីស៊ីលនេះ ហោះបានចម្ងាយ ១.000 គីឡូម៉ែត្រ ហើយបានធ្លាក់ចុះវិញ នៅប្រហែល ២០០គីឡូម៉ែត្រភាគខាងលិចនៃកោះ Okushiri របស់ប្រទេសជប៉ុន ក្បែរកោះហុកកៃដូ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
អាជ្ញាធរជប៉ុនបច្ចុប្បន្ន កំពុងធ្វើការវិភាគលើទិន្នន័យ ជាពិសេសក្នុងគោលបំណងស្វែងរកថាតើវាជាមីស៊ីលប្រភេទថ្មីឬយ៉ាងណា។ លោក Yoshimasa Hayashi រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រីជប៉ុន បាននិយាយថា មីស៊ីលអន្តរទ្វីបដែលកូរ៉េខាងជើងបានបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍ អាចនឹងលើសពីរយៈចម្ងាយ ១៥.០០០ គីឡូម៉ែត្រ ប្រសិនបើបាញ់ចេញតាមគន្លងធម្មតា និងអាស្រ័យលើតួរបស់វា។