ទិន្នន័យ និងការស្ទង់មតិរបស់ក្រុមហ៊ុន Edison Research នៅសហរដ្ឋអាមេរិក នាថ្ងៃសុក្រ (ទី១ ខែវិច្ឆិកា) នេះ បានបង្ហាញថា ភាពខុសគ្នា រវាងការស្ទង់មតិភ្លាមលើអ្នកចេញពីមណ្ឌលបោះឆ្នោតសភារបស់ហ្សកហ្ស៊ី និងលទ្ធផលផ្លូវការ បានចង្អុលបង្ហាញឲ្យឃើញពី «ការរៀបចំឡើង» នៃការបោះឆ្នោតនេះ ដោយក្រុមហ៊ុននេះបានក្លាយជាស្ថាប័នទី២ ដែលធ្វើការស្ទង់មតិបែបនេះ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ហ្សកហ្ស៊ី បានប្រាប់ឲ្យដឹងថា គណបក្សកាន់អំណាច Georgian Dream ដែលត្រូវបានគេមើលឃើញថា កំពុងត្រូវបានគ្រប់គ្រងដោយស្ថាបនិកមហាសេដ្ឋី លោក Bidzina Ivanishvili បានទទួលសំឡេងឆ្នោត ៥៤ភាគរយ ជាអ្វីដែលគណបក្សប្រឆាំង និងប្រធានាធិបតីបានបរិហារថា ជាលទ្ធផលក្លែងបន្លំ។ គណបក្សប្រឆាំងបានអំពាវនាវឲ្យមានការតវ៉ា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រឆាំងនឹងលទ្ធផលបោះឆ្នោតនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុននៅអាមេរិកមួយនេះ បានលើកឡើងថា៖ «ភាពខុសគ្នា ១៣ ចំណុច រវាងការប៉ាន់ប្រមាណរបស់ស្ថាប័នស្រាវជ្រាវ Edison និងលទ្ធផលផ្លូវកាដែលគណបក្ស Georgian Dream ឈ្នះ ៥៤ភាគរយ មិនអាចពន្យល់បានដោយភាពប្រែប្រួលធម្មតាតែឯកឯង និងបង្ហាញពីការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាន»។
សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា «ការពិនិត្យឡើងវិញរបស់ក្រុមហ៊ុន Edison បានរកឃើញថា គម្លាតពីលទ្ធផលរំពឹងទុកតាមស្ថិតិ គឺមានគ្រប់ទីកន្លែង ប៉ុន្តែភាគច្រើនត្រូវបានប្រកាស នៅទីតាំងបោះឆ្នោតជាក់លាក់ នៅតាមតំបន់ជនបទ»។
គណបក្ស Georgian Dream និងគណៈកម្មាធិការរៀបចំការបោះឆ្នោត មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអ្វីឡើយ ជុំវិញសេចក្តីថ្លែងការណ៍របស់ស្ថាប័នស្ទង់មតិនេះ ប៉ុន្តែភាគីទាំង២ តែងតែបាននិយាយម្តងហើយម្តងទៀតថា ការបោះឆ្នោតនេះ គឺសេរី និងយុត្តិធម៌៕