ក្រុមនៅលើបណ្ដាញសង្គម Facebook រាប់សិបនាក់ បានផ្សព្វផ្សាយខ្លួនឯងថា ជាគេហទំព័រគាំទ្រលោកស្រី Kamala Harris ប៉ុន្តែវាយប្រហារលើការរើសអើងជាតិសាសន៍ រិះគន់កំណត់ត្រារបស់លោកស្រី ជុំវិញអន្តោប្រវេសន៍ និងលើកតម្កើងគូប្រជែងរបស់លោកស្រី គឺលោក Donald Trump នៅក្នុងអ្វីដែលអ្នកស្រាវជ្រាវព័ត៌មានមិនពិតហៅថា ជា «ការដាក់នុយបញ្ឆោត» ដែលមានបំណងធ្វើឲ្យអ្នកបោះឆ្នោតយល់ច្រឡំ នៅក្នុងការប្រកួតបោះឆ្នោតដ៏ស្វិតស្វាញ នៅសហរដ្ឋអាមេរិកនេះ។
ស្ថាប័ន American Sunlight Project (ASP) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានវិភាគលើគណនីជាង ៣០០ក្រុម នៅលើវេទិកាគ្រប់គ្រងដោយក្រុមហ៊ុន Meta ដែលក្លែងបន្លំថា ជាគេហទំព័រគាំទ្រលោកស្រី Harris ខណៈពេលដែលបំភ័ន្តអ្នកគាំទ្ររបស់គូប្រជែងបក្សប្រជាធិបតេយ្យ ដោយការបង្ហោះពាក្យពេចន៍ប្រមាថ ស្អប់ខ្ពើម ឬប្រើប្រាស់ប្រជាប្រិយភាពរបស់លោកស្រី ដើម្បីផ្សព្វផ្សាយផលិតផលលក់ដូរ។
ការរីកសាយភាយនៃក្រុមបែបនេះ នៅលើបណ្ដាញសង្គម Facebook ដែលជាធម្មតាប្រមូលផ្តុំសហគមន៍មានចំណាប់អារម្មណ៍រួម ហាក់ដូចជាមិនមែនជាកិច្ចខិតខំប្រឹងប្រែងរៀបចំឡើងនោះទេ ប៉ុន្តែបង្ហាញពីយុទ្ធសាស្ត្រដ៏ទំនើប ក្នុងការបង្កើតការរៀបរាប់អំពីភាពមិនពិតនៃការបោះឆ្នោត នៅលើបណ្ដាញអ៊ីនធឺណិតដែលគួរឲ្យទុកចិត្ត។
សហស្ថាបនិក និងជានាយកប្រតិបត្តិ ASP គឺលោកស្រី Nina Jankowicz បានប្រាប់សារព័ត៌មាន AFP ថា៖ «ជាធម្មតា មានកន្លែងដែលផ្ដល់នូវការជឿទុកចិត្តគ្នាខ្ពស់ រវាងសមាជិកទាំងអស់ ដោយធ្វើឲ្យពួកគេកាន់តែជឿជាក់លើអ្វីដែលត្រូវបានចែករំលែកនៅទីនោះ មិនថា នោះជាព័ត៌មានមិនពិតអំពីការបោះឆ្នោត ការព្យាបាលប្រកបដោយអព្ភូតហេតុ ឬរូបភាពផ្សេងៗ»។
យុទ្ធសាស្ត្រដាក់នុយបញ្ឆោតនេះ ទំនងជាកំណត់គោលដៅដល់តួអង្គផ្សេងទៀត នៅទូទាំងក្រុមអ្នកនយោបាយ ក្នុងនោះរួមទាំងលោក Trump ផងដែរ៕