ទីក្រុងញូវដែលីរបស់ឥណ្ឌា បានឈរនៅលើកំពូលតារាងនៅថ្ងៃសុក្រ (ទី១ ខែវិច្ឆិកា) នេះ ជាទីក្រុងដែលកខ្វក់បំផុតរបស់ពិភពលោក បន្ទាប់ពីការចចេសប្រឆាំងនឹងការហាមឃាត់មិនឲ្យដុតកាំជ្រួច ដើម្បីអបអរបុណ្យ Diwali ដែលជាពិធីបុណ្យអគ្គិរបស់សាសនាហិណ្ឌូ បានជួយជំរុញឲ្យគុណភាពខ្យល់ដល់កម្រិតគ្រោះថ្នាក់។
ផ្សែងអ័ព្ទយ៉ាងក្រាស់ឃ្មឹក បានគ្របដណ្ដប់លើរដ្ឋធានីនៃប្រទេសឥណ្ឌា ពីលើវិមានប្រធានាធិបតី នៅកណ្តាលសង្កាត់នានា និងសួនច្បារដ៏ពេញនិយមដែលពេញទៅដោយអ្នករត់ប្រណាំង និងអ្នកជិះកង់ បន្ទាប់ពីពិធីអបអរសាទរកាលពីថ្ងៃទី៣១ ខែតុលា។
ក្រុមហ៊ុនវាយតម្លៃគនភាពខ្យល់ស្វីស IQ Air បាននិយាយថា សន្ទស្សន៍គុណភាពខ្យល់ បានឈរនៅកម្រិត ៣៤៨ ដោយបានចូលទៅក្នុងប្រភេទគ្រោះថ្នាក់ ដោយជំរុញឲ្យទីក្រុងដេលីឡើងដល់កំពូលនៃបញ្ជីតាមពេលវេលាជាក់ស្តែងជាទីក្រុងបំពុលបំផុតរបស់ពិភពលោក។
គួរបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានហាមឃាត់មិនឲ្យដុតផាវក្នុងអំឡុងពេលបុណ្យ Diwali និងរដូវរងា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមការណែនាំរបស់តុលាការកំពូល ប៉ុន្តែមានការលំបាកក្នុងការអនុវត្តវិធានការនេះ បើទោះបីជាមានការគំរាមកំហែងដាក់ពន្ធនាគារក៏ដោយ៕