ចិន៖ ក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលាបានព្រមានទល់នឹងអ្វីដែលខ្លួនហៅថា អាចជាឧបាយកលនយោបាយនៃការស៊ើបអង្កេតជាថ្មី ដោយអង្គការសុខភាពពិភពលោកចំពោះប្រភពដើមនៃវីរុសកូរ៉ូណា ខណៈនិយាយថា ខ្លួននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នអន្តរជាតិមួយនេះ។

អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធបានបង្ហាញបញ្ជីឈ្មោះអ្នកជំនាញចំនួន ២៥នាក់ដើម្បីធ្វើការជំហានបន្ទាប់ក្នុងការស៊ើបរកប្រភពដើមនៃវីរុសនេះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដំបូងរបស់ខ្លួនត្រូវបានរងការរិះគន់ នៅពេលដែលអង្គការនេះបានទៅកាន់ប្រទេសចិនជាលើកដំបូង ជាទីដែលករណីឆ្លងទៅមនុស្សដំបូងត្រូវបានរកឃើញកាលពីចុងឆ្នាំ២០១៩។ ទីក្រុងប៉េកាំងត្រូវបានរងការចោទប្រកាន់ពីបទរក្សាទុកទិន្នន័យដុលទាក់ទងនឹងករណីឆ្លងដំបូង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអង្គការសុខភាពពិភពលោកកាលពីខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមកបានប្រឆាំងនឹងការអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដោយនិយាយថា អាមេរិក និងប្រទេសផ្សេងទៀតកំពុងយកបញ្ហានេះជាលេសនយោបាយ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា ប្រទេសចិននឹងបន្តគាំទ្រ និងចូលរួមក្នុងការតាមដានវិទ្យាសាស្ត្រសកល និងប្រឆាំងយ៉ាងដាច់ណាត់ចំពោះគ្រប់រូបភាពនៃការបង្វែរបញ្ហានេះ ទៅជារឿងនយោបាយ។ លោក Zhao បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទកាសែតប្រចាំថ្ងៃថា យើងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់រួមទាំងប្រមុខរបស់អង្គការសុខភាពពិភពលោក និងក្រុមទីប្រឹក្សានឹងគាំទ្រអាកប្បកិរិយាវិទ្យាសាស្ត្រប្រកបដោយគោលបំណង និងការទទួលខុសត្រូវខ្ពស់ឲ្យបានពេញដៃពេញជើង៕
អត្ថបទ៖ សុខមាន