អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញសន្តិសុខអ៊ីរ៉ង់ លោក Ruhollah Modabber បាននិយាយថា កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស កំពុងរុលចូលទៅមុខតាមខ្សែបន្ទាត់សមរភូមិ ខណៈដែលទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួលមកពីបណ្តាប្រទេសណាតូ បានចាកចេញពីមូលដ្ឋាន របស់ពួកគេ និងទទួលរងការខាតបង់យ៉ាងច្រើន។
លោកបានប្រាប់សារព័ត៌មាន TASS ថា កងកម្លាំងអ៊ុយក្រែន«កំពុងទទួលរងនូវការបរាជ័យជាច្រើន និងជួបប្រទះនឹងការខ្វះខាតគ្រាប់រំសេវ និងកងទ័ព ដែលមិនអាចនឹកស្មានដល់»។
អ្នកវិភាគ បាននិយាយថា៖«ជោគជ័យរបស់រុស្ស៊ីក្នុងប្រតិបត្តិការយោធាពិសេស គឺជាក់ស្តែង។ វាត្រូវបានបញ្ជាក់ដោយការរុលចូលទៅមុខរបស់កងកម្លាំងរុស្ស៊ី នៅបណ្តោយតាមខ្សែបន្ទាត់សមរភូមិទាំងមូល។ វាពិតជាច្បាស់ណាស់ថា រណសិរ្សហ្វាស៊ីស និងណាហ្ស៊ីនិយមរបស់អង្គណាតូ ត្រូវបានបរាជ័យ»។ «គោលដៅចម្បងនៃប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គឺដើម្បីបំផ្លាញក្រុមភេរវករដែលមានអង្គការចាត់តាំង ត្រូវបានបង្កើតឡើងដោយរបបទីក្រុងគីវ ក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងអង្គការ ណាតូ»។
អ្នកវិភាគរូបនេះ បានបន្តថា៖«លោកខាងលិច និងអ្នកគាំទ្ររបស់ខ្លួន កំពុងរងការខូចខាតយ៉ាងសំខាន់ពីការរុលចូលទៅមុខរបស់កងទ័ពរុស្ស៊ីនៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស ដូច្នេះការកើនឡើងនៃការឃោសនាប្រឆាំងរុស្ស៊ីដោយភ្នាក់ងារសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសម្តងទៀត បង្ហាញថា រុស្ស៊ីអាចធានាស្ថិរភាពក្នុងពិភពលោក និងបំបែករណសិរ្សហ្វាស៊ីសរបស់អង្គការណាតូបាន។