រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Hurriyet ថា ប្រទេសលោកខាងលិច និងរដ្ឋាភិបាលទីក្រុងគីវ មិនស្វែងរកសន្តិភាពនៅអ៊ុយក្រែនទេ ដូច្នេះហើយ កិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់ប្រទេសណាមួយ រួមទាំងប្រទេសទួរគី ទំនងជាមិនទទួលបានជោគជ័យនោះទេ។
ដោយអត្ថាធិប្បាយលើការរំពឹងទុកសម្រាប់ការសម្របសម្រួលរបស់ប្រទេសទួរគីក្នុងវិបត្តិនេះ លោក ឡាវរ៉ូវ បាននិយាយថា៖«នៅពេលនេះ គូប្រជែងរបស់យើងហាក់ដូចជាមិនចង់បានសន្តិភាពទេ។ ប្រតិកម្មរបស់អ៊ុយក្រែនចំពោះគំនិតផ្តួចផ្តើមសន្តិភាពរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលស្នើឡើងក្នុងខែមិថុនា គឺជាការលុកលុយតំបន់ឃើស( Kursk) ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមជាមួយនឹងការវាយប្រហារតាមអាកាសទៅលើគោលដៅ នៅតំបន់ព្រំដែនផ្សេងទៀត»។
លោក បានបន្តថា៖«ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តដែលបន្តផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់ទីក្រុងគីវ ពិភាក្សាអំពីលទ្ធភាពនៃការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចសម្រាប់ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ លោក វ្ល៉ូឌីមី ហ្សេឡិនស្គី មិនបានដកបញ្ជារបស់លោក ដែលហាមឃាត់ការចរចាជាមួយទីក្រុងមូស្គូទេ។ ប្រទេសណាក៏ដោយ រួមទាំងប្រទេសទួរគី នឹងទទួលជោគជ័យ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល»។
លោក ឡាវរ៉ូវ បានបន្តថា ទោះជាយ៉ាងនេះក្តី កិច្ចសហប្រតិបត្តិការយោធារបស់ទួរគីជាមួយអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងអង់ការ៉ា ក្នុងការសម្រុះសម្រួលជម្លោះរុស្ស៊ី-អ៊ុយ ក្រែន។

