ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa នៅថ្ងៃសុក្រ (ទី១ ខែវិច្ឆិកា) បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤៧នាក់ បានបាត់បង់ជីវិត ហើយរាប់សិបនាក់ទៀត រងរបួសដែលភាគច្រើនជាកុមារ និងស្ត្រី ដោយសារការទម្លាក់គ្រាប់បែកនាពេលយប់របស់អ៊ីស្រាអែលទៅលើទីក្រុង Deir Al-Balah ជំរុំ Nuseirat និងទីប្រជុំជន Al-Zawayda នៅភាគកណ្តាលតំបន់ហ្កាហ្សា។
សង្រ្គាម នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានសម្រុកចូលទៅវាយប្រហារលើអ៊ីស្រាអែលតាមទីក្រុងព្រំដែនភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.២០០នាក់ និងចាប់មនុស្សជាចំណាប់ថ្នូរ ២៥១នាក់ត្រឡប់ទៅតំបន់ហ្កាហ្សា។
ជាការឆ្លើយតប អ៊ីស្រាអែលបាននិងកំពុងបំផ្លិចបំផ្លាញពាសពេញតំបន់ហ្កាហ្សា ដោយធ្វើឲ្យដែនដីមួយនេះដោយភាគច្រើនក្លាយជាទីកន្លែងនៃគំនរបាក់បែក បង្ខំឲ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ និងផ្ដាច់ផ្ដិលជីវិតប្រជាជនប៉ាឡេស្ទីនជាង ៤៣.០០០នាក់។
គួរបញ្ជាក់ថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់យោធាអ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែតុលា) ដែលភាគច្រើននៅភាគខាងជើង ជាកន្លែងដែលការវាយប្រហារបានត្រូវចំមន្ទីរពេទ្យមួយកន្លែង។
យោធាអ៊ីស្រាអែលបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនថា បានប្រើប្រាស់មន្ទីរពេទ្យ Kamal Adwan ក្នុងទីក្រុង Beit Lahiya ជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង ដោយនិយាយថា «ភេរវកររាប់សិបនាក់» បានលាក់ខ្លួននៅទីនោះ។ តែទាំងមន្ត្រីសុខាភិបាល និងក្រុមហាម៉ាស បដិសេធការអះអាងនោះ៕



