ពលរដ្ឋលីបង់នៅទីក្រុងបេរូត បានចាត់ទុកការវាយប្រហារតាមច្រកអាកាសកាលពីពេលថ្មីៗរបស់អ៊ីស្រាអែល គឺជាមធ្យោបាយមួយដាក់សំពាធលើកិច្ចចរចាបទឈប់បាញ់ ដោយពួកគេព្រួយបារម្ភថា វាអាចនឹងប៉ះពាល់ជាអវិជ្ជមានដល់ដំណើរការស្វែងរកបទឈប់បាញ់ ។
នៅព្រឹកថ្ងៃសុក្រនេះ អ៊ីស្រាអែលបានវាយប្រហារតាមច្រកអាកាសលើតំបន់ជាយក្រុងនៅភាគខាងត្បូងទីក្រុងបេរូត ក្រោយចេញការព្រមានឲ្យពលរដ្ឋជម្លៀសខ្លួន ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេមានគោលដៅលើទីតាំងរបស់ក្រុមហេសបូឡា និងអចលនទ្រព្យរបស់ពួកគេ ។
ការវាយប្រហារនេះ បានកើតមានឡើង បន្ទាប់ពីកិច្ចខិតខំផ្នែកការទូតសារជាថ្មី ប៉ុន្តែនៅមិនទាន់លេចចេញជាផ្លែផ្កាដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ ដើម្បីបញ្ឈប់ការបង្ហូរឈាមគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយនិងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ។
ជម្លោះនៅលីបង់ បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥សប្តាហ៍ចុងក្រោយនេះ ក្នុងនោះមនុស្ស ២.៨០០នាក់ ត្រូវបានសម្លាប់ និងពលរដ្ឋលីបង់ ១,២លាននាក់ផ្សេងទៀត បានជម្លៀសខ្លួន ។
ដោយឡែកកាលពីថ្ងៃពុធកន្លងទៅ នាយករដ្ឋមន្រ្តីលីបង់លោក Najib Mikati សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល នឹងត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ស្របពេលដែលទូរទស្សន៍រដ្ឋអ៊ីស្រាអែល បានចុះផ្សាយអ្វីដែលពួកគេនិយាយថា គឺជាពង្រាងកិច្ចព្រមព្រៀងផ្តល់ជូនសម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ ៕


