នៅថ្ងៃសុក្រនេះ ក្រុមស្ម័គ្រចិត្តរាប់ពាន់នាក់ បានធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារទឹកជំនន់ ដើម្បីចុះជួយបោសសម្អាតនៅតំបន់ Valencia ក្រោយទឹកជំនន់ដ៏គំហក់បានសម្លាប់មនុស្សយ៉ាងហោច ១៥៨នាក់ កាលពីថ្ងៃអង្គារ ។
ពេលសួរថាតើពួកគេទៅណា? ក្រុមអ្នកស្ម័គ្រដែលដើរកាន់អំបោស និងប៉ែលក្នុងដៃឆ្លើយតបវិញថា ពួកយើងទៅកាន់ទីក្រុង Paiporta ដើម្បីជួយបោសសម្អាត ។
អ្នកស្រី Reme Montero វ័យ ៥៩ឆ្នាំ គឺជាអ្នកស្រុកមកពីទីក្រុងជិតខាង Manises ដែលស្ថិតនៅជាយក្រុងតំបន់ Valencia និយាយថា ជំនួយត្រូវការជាចាំបាច់ ។ នេះគឺជាគ្រោះមហន្តរាយ ។
គ្រោះមហន្តរាយនេះ អាចក្លាយជាគ្រោះមហន្តរាយពាក់ព័ន្ធនឹងព្យុះដ៏អាក្រក់បំផុតនៅអឺរ៉ុបក្នុងរយៈពេលជាង ៥ទសវត្សរ៍កន្លងមកនេះ ពេលដែលភ្លៀងធ្លាក់រយៈពេល ៨ម៉ោង បានវាយប្រហារតំបន់ Valencia កាលពីថ្ងៃអង្គារ ។
សោកនាដកម្មនេះដែរ គឺជាគ្រោះមហន្តរាយពាក់ព័ន្ធនឹងទឹកជំនន់នៅអេស្ប៉ាញ ក្នុងប្រវត្តិសាស្រ្តនាសម័យទំនើបរបស់ពួកគេ ហើយក្រុមឧតុនិយម និយាយថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស បានធ្វើឲ្យកើតមានហេតុការណ៍អាកាសធាតុដ៏អាក្រក់បែបនេះ ដែលកើតឡើងញឹកញាប់ និងបង្កគ្រោះអន្តរាយយ៉ាងធ្ងន់ធ្ងរ ។
កាលពីឆ្នាំ ២០២១ មនុស្សយ៉ាងហោច ១៨៤នាក់ បានស្លាប់នៅក្នុងទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសអាល្លឺម៉ង់ ។ មុនពេលនោះ មនុស្ស ២០៩នាក់ បានស្លាប់នៅប្រទេសរ៉ូម៉ានី កាលពីឆ្នាំ ១៩៧០ ហើយទឹកជំនន់នៅប្រទេសព័រទុយហ្គាល់កាលពីឆ្នាំ ១៩៦៧ បានសម្លាប់មនុស្សជិត ៥០០នាក់ ៕


