ក្រុមភ្នាក់ងារពន្លត់ភ្លើងឆេះព្រៃក្រិក បានជួបជុំគ្នានៅកណ្តាលទីក្រុងអាតែននាថ្ងៃសុក្រនេះ ដើម្បីទាមទារការងារអចិន្រ្តៃយ៍ ក្រោយកិច្ចសន្យារយៈពេលខ្លីរបស់ពួកគេផុតកំណត់ ស្របពេលដែលដំណាច់រដូវភ្លើងឆេះព្រៃជិតមកដល់ ។
វិធានការនេះ បានកើតមានឡើង រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយក្រុមភ្នាក់ងារពន្លត់ភ្លើងឆេះព្រៃតវ៉ានឹងកិច្ចសន្យា ត្រូវបានបំបែកនៅក្នុងក្រសួងវិបត្តិអាកាសធាតុ និងបង្ការស៊ីវិល ហើយនិងប៉ះទង្គិចជាមួយក្រុមនគរបាលកុបកម្មកាលពីថ្ងៃព្រហស្បតិ៍ ។
ភ្លើងឆេះព្រៃគឺជារឿងធម្មតាទេនៅក្នុងប្រទេសក្រិក ដែលស្ថិតនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ប៉ុន្តែវាកាន់តែកើតឡើងញឹកញាប់ជាងមុន និងបង្កគ្រោះមហន្តរាយខ្លាំងជាងមុន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលសីតុណ្ហភាពខ្ពស់បង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ ។
លោក Thanos Psaropoulos គឺជាប្រធានសមាគមភ្នាក់ងារពន្លត់ភ្លើងឆេះព្រៃក្រិក និយាយថា រយៈពេលការពារភ្លើងឆេះព្រៃ ត្រូវការបន្តយ៉ាងហោចណាស់ក៏ ២ខែដែរ ។ ពួកយើងមើលឃើញភ្លើងឆេះព្រៃកើតឡើង ចាប់ពីខែមេសា រហូតដល់ខែវិច្ឆិកា ។
គួរឲ្យដឹងថា ភ្លើងឆេះព្រៃប្រហែល ៩ពាន់កន្លែង រួមទាំងភ្លើងឆេះព្រៃមួយកន្លែងនៅតំបន់ជាយក្រុងអាតែន ដែលបានសម្លាប់ស្រ្តីម្នាក់កាលពីខែសីហា បានលេបត្របាក់ដីព្រៃជាង ៤៤.១១០ហិចតា កាលពីរដូវក្តៅមុន ដែលជារដូវក្តៅខ្លាំងបំផុតជាប់កំណត់ត្រានៅប្រទេសក្រិក បន្ទាប់ពីរដូវរងាមានភ្លៀងតិចតួច ឬគ្មានភ្លៀងទាល់តែសោះ ៕


