ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប(EU)លោក Josep Borrell បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ និងសន្តិសុខលើកដំបូងពុំធ្លាប់ដែលមាននៅអាស៊ីជាមួយជប៉ុននៅថ្ងៃសុក្រនេះ ដោយមានគោលបំណងអភិវឌ្ឍរួមគ្នាគ្រឿងយុទ្ធោបករណ៍ ។
ក្រោយចុះហត្ថលេខាលើឯកសារជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Takeshi Iwaya នៅទីក្រុងតូក្យូ លោក Borrell និយាយថា វាគឺជាជំហានទាន់ពេលវេលា និងជាប្រវត្តិសាស្រ្តផ្តល់ស្ថានភាពដល់តំបន់របស់ពួកយើងទាំង ២ ។
លោកបន្តថា គម្រោងនយោបាយនេះ នឹងពង្រឹងសមត្ថភាពរបស់ពួកយើងក្នុងការដោះស្រាយការគំរាមកំហែងកើតឡើងរួមគ្នា និងឆ្ពោះទៅរកអនាគតតម្លៃរបស់ពួកយើង តម្លៃរួមរបស់ពួកយើង លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សក្រោមសណ្តាប់ធ្លាប់អន្តរជាតិផ្អែកលើច្បាប់ នឹងបន្តនាំផ្លូវរបស់ពួកយើង ។
ទោះបីជាមានរដ្ឋធម្មនុញ្ញបោះបង់សង្គ្រាមក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជប៉ុន បានពង្រឹងឧស្សាហកម្មការពារជាតិរបស់ខ្លួន នៅក្នុងការពង្រីកយោធាធំបំផុតក្រោយសង្រ្គាម ដោយពួកគេបង្ហាញក្តីកង្វល់ពីការគំរាមកំហែងពីប្រទេសជិតខាងអាស៊ី គឺប្រទេសចិន និងកូរ៉េខាងជើង ។
កាលពីឆ្នាំមុន ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតកម្មវិធីផលិតយន្តហោះចម្បាំងជាមួយអង់គ្លេស និងអ៊ីតាលី ។
ពួកគេ បានព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការណ៍ការពារជាតិផងដែរ ជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការបង្កើនអំណះអំណាងដែនសមុទ្ររបស់ចិន និងបង្ហាញក្តីកង្វល់ពីអស្ថិរភាពដ៏មានសក្តានុពលណាមួយនៅច្រកសមុទ្រតៃវ៉ាន់ ៕



