នគរបាល និងមន្ត្រីក្រិក នៅថ្ងៃសុក្រ (ទី១ ខែវិច្ឆិកា) នេះ បាននិយាយថា ការផ្ទុះដែលបណ្ដាលឲ្យមានអ្នកស្លាប់ នៅក្នុងផ្ទះល្វែង នាទីក្រុងអាតែន កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែតុលា) គឺបណ្តាលមកពីគ្រាប់បែកកែច្នៃដោយខ្លួនឯង ហើយអាជ្ញាធរសង្ស័យថា វាអាចមានទំនាក់ទំនងជាមួយក្រុមទ័ពព្រៃ ក្នុងតំបន់។
នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាំភ្លើងចំនួន ២ដើម គ្រាប់កាំភ្លើង ទូរសព្ទដៃ និងភស្តុតាងឌីជីថល ត្រូវបានរឹបអូសពីកន្លែងផ្ទុះដែលបានសម្លាប់បុរសម្នាក់ ខណៈស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ បុរសដែលស្លាប់នោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
មន្ត្រីនគរបាល បានប្រាប់សារព័ត៌មាន Reuters ថា នគរបាលជឿថា ភស្តុតាងអាចភ្ជាប់ករណីនេះទៅនឹងក្រុមទ័ពព្រៃប្រឆាំងនឹងស្ថាប័នអាជ្ញាធរ ហើយសង្ស័យថា ការផ្ទុះនេះបានកើតឡើង ក្នុងពេលដែលគ្រាប់បែកនោះ កំពុងត្រូវបានកែច្នៃ។
គួរបញ្ជាក់ថា ប្រទេសក្រិកមានប្រវត្តិហិង្សានយោបាយជាយូរមកហើយ។ ចាប់តាំងពីក្រុមដ៏សាហាវបំផុតរបស់ប្រទេសនេះឈ្មោះ «November 17» ត្រូវបានកម្ចាត់ ក្នុងឆ្នាំ២០០២ ស្រាប់តែក្រុមឆ្វេងនិយម និងក្រុមបង្កចលាចលជាច្រើនផ្សេងទៀត បានលេចមុខឡើង ដោយប្រកាសធ្វើសង្រ្គាមគ្រប់ទម្រង់ ជាមួយរដ្ឋាភិបាល៕

