បាត់ដំបង ៖ បងប្អូនប្រជាកសិករ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានស្នើសុំដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធទាំងអស់ មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ ខណៈស្រូវកាន់តែចុះថោក ជី និងប្រេង រួមទាំងថ្នាំបាញ់បង្ការស្រូវផ្សេងៗទៀតកាន់តែឡើងថ្លៃ ធ្វើឲ្យពួកគាត់ពិបាកកាន់តែខ្លាំងក្នុងជីវភាពគ្រួសារ។
ថ្លែងប្រាប់ទូរទស្សន៍BTV នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បងស្រីម្នាក់ ដែលរស់នៅ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានលើកឡើងថា ពួកគាត់ស្ទើរតែស្រក់ទឹកភ្នែក ក្រោយពីស្រូវរបស់គាត់ ដែលសេសសល់ពីស្វិតបន្តិចបន្តួចយកទៅលក់បានតម្លៃត្រឹមតែមួយតោន ៧០ទៅ ៧១ម៉ឺនរៀល រីឯជីធ្លាប់តែមួយការ៉ុងតម្លៃ៩ម៉ឺនរៀលទៅ១៤ម៉ឺនរៀល និងប្រេងឡើងថ្លៃរហូតដល់ជាង៤ពាន់រៀល ក្នុងមួយលីត្រឯងណោះ។
បងស្រីបានរៀបរាប់ថា «ស្រូវរបស់គាត់ និងកសិករដទៃទៀតនៅភូមិនេះ(ភូមិអង្រ្គង)ស្វិត ហើយ សល់ពីស្វិតមកលិចទឹកបន្ថែមទៀត ហើយខំប្រឹងច្រូតទាំងទឹកលិចបានមក យកទៅលក់បែជាតម្លៃបានត្រឹមមួយតោន៧០ម៉ឺន។ ចំណែកជីតម្លៃ៩ម៉ឺនឡើងដល់១៤ម៉ឺន តម្លៃ១១ម៉ឺន ឡើងដល់១៦ម៉ឺនរៀល ប្រេងតម្លៃរហូតដល់ជាងបួនពាន់រៀលក្នុងមួយលីត្រ....។ អ្នកស្រែរត់ម៉េចរួចថ្នាំក៏ថ្លៃអ្វីក៏ថ្លៃគ្រប់មុខ ពួកយើងធ្វើសងតែចិនមិនរួចទេ។ ពេលនេះ ម្ចាស់ជីគេលែងឲ្យជឿទៀតហើយ ដោយថៅកែជីគេថា តម្លៃវានៅឡើងថ្លៃតទៅទៀត ដែលអាចអស់ថ្លៃដល់១៨ម៉ឺនរៀលក្នុងមួយការ៉ុង។ ថៅកែគេដឹងថា អ្នកស្រែយើងត្រូវការជីមកដាក់ស្រូវ ដោយអត់មិនបានដូច្នេះគេដំឡើងស្រេចតែគេ។ គិតមើល!ជីកាន់តែថ្លៃ ហើយស្រូវកាន់តែចុះថោក»។
ទាក់ទងនឹងតម្លៃជី និងប្រេងនេះបងប្អូនប្រជាកសិករ បានស្នើសុំដល់អាជ្ញាធរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាជួយសម្រួលដល់ពួកគាត់ផង ខណៈឈ្មួញបានយកលេសក្នុងបរិបទកូវីដ១៩ ហើយមកសង្កត់ករពួកគាត់ ដែលជាកសិករទៅវិញនោះ៕
អត្ថបទ បាន ចក់







