ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា អ៊ីស្រាអែល បានវាយប្រហារជំរំថ្មីស្ថិតនៅភាគខាងជើងទីក្រុង Nuseirat នៅថ្ងៃសុក្រនេះ បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួស និងមនុស្សជាច្រើននាក់ផ្សេងទៀត បានស្លាប់ ។
រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញអ្នកគ្រោះថ្នាក់ ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យតាមរថយន្តគិលានសង្រ្គោះ និងរថយន្តផ្សេងទៀត ក្រោយសំឡេងផ្ទុះបានលាន់ឮនៅតំបន់នោះ ។
នៅថ្ងៃសុក្រនេះដែរ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាស្រ្ទីប និងតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត របស់លីបង់ រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយប្រេសិតពិសេសសហរដ្ឋអាមេរិក ជំរុញឲ្យមានដំណោះស្រាយការទូតថ្មី តែមិនទទួលបានផ្លែផ្កា ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង ១ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយនិងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ។
កាលពីយប់កន្លងទៅ ជនប៉ាឡេស្ទីន ៤៧នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Deir Al-Balah ជំរំជនភៀសខ្លួននៅទីក្រុង Nuseirat និងទីក្រុង Al-Zawayda ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ៕